ឯកឧត្តម ប៉ាន សូរស័ក្តិ លើកឡើងថា  គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ឧស្សាហកម្មវាយនភណ្ឌ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ — ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា គម្រោងរោង ចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) បាននាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ឧស្សាហកម្មវាយ នភណ្ឌជាតិ ជាពិសេសចូលរួមលើកស្ទួយលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករ និយោជិតប្រមាណជាង ៧សែននាក់ ដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាស នានាទូទាំងប្រទេស។​ នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួង ពាណិជ្ជកម្ម) ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងបែបនេះ ខណៈដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំប្រចាំត្រីមាស ស្តីពីការអនុវត្តលក្ខខណ្ឌការងារនៃឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្មដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការ ពលកម្មអន្តរជាតិ (ILO) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្វាគមន៍លទ្ធផលរបាយការណ៍ឆ្នាំ២០១៨ របស់ ILO-BFC ដែលបង្ហាញពីភាពប្រសើរឡើងនៃបរិយាកាសការងារការថយចុះអំពើហិង្សា និងការមិនគោរពបទដ្ឋានច្បាប់ នៅតាមរោងចក្រសហគ្រាសចំនួន ៤៦៤ទីតាំង ក្រោមការ ចុះសិក្សា និងវាយតម្លៃពីគណៈកម្មាធិការពិគ្រោះយោបល់គម្រោង (PAC) ដែលចូលរួមដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា និងសហជីពការងារ។

ជាមួយគ្នានោះ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់ ILO-BFC ដែលបានរួមចំណែកលើកកម្ពស់កិត្តិនាម និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងនាម ជាប្រទេសផលិត និងនាំចេញផលិតផលសម្លៀកបំពាក់ ប្រកបដោយក្រមសីលធម៌ ស្របតាម បទដ្ឋានស្តង់ដារការងារខ្ពស់។ ឯកឧត្តមក៏បានសំណូមពរដល់ភាគីទាំងអស់ប្រកាន់ខ្ជាប់នូវ វប្បធម៌សហការគ្នាបន្តទៀត ដើម្បីនាំមកនូវវឌ្ឍនភាពកាន់តែប្រសើរសម្រាប់ឧស្សាហកម្ម វាយនភណ្ឌនៅកម្ពុជា។សូមបញ្ជាក់ថា តាមរយៈកិច្ចសហការអនុវត្តន៍រយៈពេលជាង១៥ឆ្នាំនេះ ILO-BFC បាន ជួយកែលម្អលក្ខខណ្ឌការងារ និងបង្កើនប្រាក់ចំណេញដល់ឧស្សាហកម្មវាយនភណ្ឌកម្ពុជា តាមរយៈការផ្តល់សេវាអង្កេត និងវាយតម្លៃប្រតិបត្តិការរបស់រោង ចក្រសហគ្រាស ការបណ្តុះបណ្តាលពិសេសដល់កម្មករ និងអ្នកគ្រប់គ្រង ការប្រឹក្សាយោបល់ និងការបង្ហាញព័ត៌មានជាសាធារណៈអំពីលក្ខខណ្ឌការងារផ្សេងៗ ដែលបានពង្រឹងកេរ្តិ៍ឈ្មោះ ឧស្សាហកម្មកាត់ដេរកម្ពុជា ហើយធ្វើឱ្យរោងចក្រភាគច្រើនទទួលបានទំនុកចិត្តខ្ពស់ ជាមួយនឹងការបញ្ជាទិញកាន់តែច្រើនពីទីផ្សារអន្តរជាតិធំៗនៅលើពិភពលោក៕

ដោយ សាយ សុន (រូបថត៖ក្រសួងពាណិជ្ជកម្ម)