សហព័ន្ធអុកចត្រង្គកម្ពុជាប្រកាសរៀបចំកីឡាអុកចត្រង្គពានរង្វាន់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ នាខែធ្នូខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ — សហព័ន្ធកីឡាអុកចត្រង្គបានប្រកាសជូនដំណឹងដល់សាធារណជនទូទៅ ស្តីពីការរៀប ចំការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ និងអបអរ សាទរខួបលើកទី២០នៃ ការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យ នយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលការប្រកួតនេះ នឹងត្រូវធ្វើឡើង នាថ្ងៃ ទី២៩-៣០ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅមុខវិមានឈ្នះ ឈ្នះ ក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ។លោក គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានបញ្ជាក់​នៅក្នុងសេចក្តី​ជូនដំណឹង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សហព័ន្ធសូមជម្រាបជូនដំណឹង​ដល់​កីឡាករអុកចត្រង្គនានាឱ្យបានជ្រាបថា ដោយទទួលបានការអនុញាតពីឯកឧត្តម ថោង ខុន ប្រធានអនុគណៈកម្មការរៀបចំសកម្មភាពកីឡា និងជាប្រធាន គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជានោះ សហព័ន្ធអុកចត្រង្គនឹងរៀបចំការប្រកួតពានរង្វាន់នេះ ដោយបាន លើកទឹកចិត្ត ដល់កីឡាករគ្រប់រូប ដែលមានបំណងចង់ចូលរួមប្រកួតអាចទៅចុះឈ្មោះចូលរួមប្រកួតបាន នៅរៀងរាល់ម៉ោងធ្វើការ ដែលមានទីតាំងនៅអគារលេខ១ ផ្លូវ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧ មករា រាជធានីភ្នំពេញ ដែលចាប់ផ្តើមទទួលពាក្យរបស់កីឡាករចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកានេះ តទៅរហូតដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨។ លោកបានលើកឡើងថា តាមរយៈព្រឹត្តិការណ៍​កីឡាអុកចត្រង្គនេះ នឹងជួយជំរុញស្មារតីបណ្តុះបាននូវធនធានកីឡាករឱ្យ​កាន់តែសម្បូរបែប​ប្រកបដោយគុណភាពខ្ពស់ៗ ហើយថែមទាំងបានជួយជំរុញបន្ថែមដល់ការអភិវឌ្ឍវិស័យ កីឡាប្រពៃណីជាតិមួយនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ផងដែរ។គួរបញ្ជាក់ថា ការប្រកួតនឹងត្រូវចាប់ដំណើរការរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ នៅទល់ មុខវិមានឈ្នះឈ្នះ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ៕

ដោយ ហេង ណាលីន