រដ្ឋមន្រ្ដីក្រសួងសាធារណការស្នើឱ្យភាគីពាក់ព័ន្ធ ពិនិត្យការបញ្ចូលអ្នករងរបួសធ្ងន់ដោយ គ្រោះថ្នាក់ចរាចរ ក្នុងប្រព័ន្ធទិន្នន័យតាមដានឱ្យបានច្បាស់លាស់

AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨​ — រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និង គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិនិត្យដាក់បញ្ចូលអ្នករងរបួសធ្ងន់ដោយ គ្រោះថ្នាក់ចរាចរក្នុងប្រព័ន្ធទិន្នន័យសម្រាប់តាមដាន ខណៈជនរងគ្រោះកំពុងព្យាបាល នៅមន្ទីរពេទ្យ ឬត្រឡប់មកផ្ទះវិញ អាចស្លាប់ ឬក្លាយជាជនពិការ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងសាធារណការ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុ ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា ការរៀបចំ នីតិវិធីតាមដានអ្នករងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរក្នុងប្រព័ន្ធទិន្នន័យច្បាស់លាស់នេះ គឺ ដើម្បីឱ្យដឹងចំនួនអ្នកស្លាប់ពិតប្រាកដក្នុងមួយឆ្នាំៗ ឬអ្នករងរបួសធ្ងន់ អាចក្លាយទៅជាជន ពិការ សម្រាប់ដាក់ បញ្ចូលក្នុងគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានបញ្ជាក់ថា ការអនុវត្ដនូវនីតិវិធីនេះ គឺជាពិតជាល្អ ដើម្បីឱ្យដឹងពិតប្រាកដចំពោះ ចំនួនអ្នកស្លាប់ អ្នករងរបួសធ្ងន់ និងអ្នករងរបួសស្រាលដោយគ្រោះថ្នាក់ចរាចរ ដើម្បីស្វែង រកយន្ដការថ្មីៗបន្ថែមទៀត ក្នុងការចូលរួមដោះស្រាយ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរ នៅ កម្ពុជា។ ឯកឧត្តមបានលើកឡើងថា កន្លងមក ការបូកសរុបចំនួនអ្នកស្លាប់ដោយគ្រោះ ថ្នាក់ចរាចរគឺបានរាប់បញ្ចូលតែអ្នកស្លាប់ភ្លាមៗតែប៉ុណ្ណោះ ចំពោះអ្នកដែលរងរបួសធ្ងន់ ដែលត្រូវបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬត្រឡប់​មកផ្ទះវិញ ហើយបានស្លាប់នោះ សមត្ថកិច្ចនគរបាលមិនបានតាមដាន និងរាប់បញ្ចូលចំនួនអ្នកស្លាប់ទាំងអស់នេះទេ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានឱ្យដឹងថា ការរៀបចំនីតិវិធីនិងប្រព័ន្ធទិន្នន័យតាមដានអ្នករងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរនេះ គឺខាង គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍បានគិតគូររួចហើយ ដែលមានក្រសួង សាធារណ ការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ដើម្បីតាមដានរឿង​ចាប់ពីកន្លែង កើតឡើង រហូតដល់មន្ទីរពេទ្យ។ ឯកឧត្តម នាយឧត្ដមសេនីយ៍បានបន្ដថា ទិន្នន័យរបស់ នគរបាលដែលបានស្រង់ចេញចំនួន អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរនេះ គឺជាទិន្នន័យក្ដៅ ទាន់ពេលវេលា ព្រមទាំងសហការជាមួយមន្ទីរពេទ្យ នគរបាលប៉ុស្ដិ៍មូលដ្ឋាន និងរហូតដល់ គ្រួសារ ដើម្បីតាមដានជនរងគ្រោះថាតើត្រូវស្លាប់បន្ដទៀត ឬក៏យ៉ាងណានោះ។ ឯកឧត្តមបាន អះអាងថា ការផ្គូរផ្គងទិន្នន័យជនរងគ្រោះថ្នាក់ចរាចររវាងនគរបាល និងមន្ទីរពេទ្យ ក្នុងមួយ​ឆ្នាំៗ គឺឃើញមានកំណើននៃការស្លាប់មានរហូតដល់ជាង១០០នាក់ ឬឆ្នាំខ្លះ​មានជាង៣០​នាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍បានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៧មក គណៈកម្មាធិ ការជាតិសុវត្ថិភាពចរាចរណ៍បានរៀបចំចេញជាសៀវភៅបញ្ជាក់បានច្បាស់លាស់ទាក់ទងនឹង មូលហេតុ ទីតាំង ស្ថានភាពគ្រោះថ្នាក់ចរាចរ និងឈ្មោះ មុខរបររបស់អ្នកស្លាប់ គឺបាន សរសេរលម្អិតដាក់ក្នុងទិន្នន័យ ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវស្វែងរកចំនួនអ្នកស្លាប់ អ្នករងរបួសធ្ងន់ និងរបួសស្រាល ដោយ គ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសក្នុងមួយឆ្នាំៗ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៨នេះ គ្រោះថ្នាក់ចរាចរបានកើតឡើងចំនួន៧៤៥លើក បណ្ដាលឱ្យ ស្លាប់ចំនួន៣៨៣នាក់ និងរបួសចំនួន១,០២៨នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ៦៩២នាក់ និងរបួសស្រាល ចំនួន៣៣៦នាក់៕

ដោយ អ៊ុន រិទ្ធី