ព្រឹទ្ធស​ភាពឯកភាពឲ្យច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ចំណាយ​​ជាង​៦ពាន់​លានដុល្លារ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ព្រឹទ្ធសភាពឯកភាពឲ្យច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ដែលស្នើដោយរាជរដ្ឋាភិបាលចំណាយ​​ជាង​៦ពាន់លានដុល្លារដើម្បីយកទៅអភិវឌ្ឍន៍សង្គមជាតិលើគ្រប់វិស័យ។

ក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ដឹកនាំដោយ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធាន​​ព្រឹទ្ធសភានាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ម ប៊ុន នាង សមាជិក ព្រឹទ្ធសភា មាន​​ប្រសាសន៍​ថា   អង្គព្រឹទ្ធសភាបានគាំទ្រច្បាប់ថវិកាឆ្នាំ២០១៩នេះ ដោយអនុម័តសំឡេង​​៥៧​លើ​​៥៧​​សំឡេង នៃសមាជិកព្រឹទ្ធសភាចូលរួម​​ដើម្បីបើកផ្លូវឲ្យរាជរដ្ឋាភិបាលអាច​​ប្រើប្រាស់​ថវិកា​​រដ្ឋ​​ទៅតំឡើងប្រាក់បៀវត្សមន្ត្រីរាជការគ្រប់ប្រភេទ និងបន្តអភិវឌ្ឍន៍ប្រទេស​​តាមគោល​​​​នយោបាយដែលបានដាក់ចេញ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនា​យក​រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង  សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាល ដែលជាអ្នក​ការពារ សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញ  វត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩បាន​​មានប្រសាសន៍​ថា នៅឆ្នាំ២០១៩ខាងមុខ គ្រោងនឹងចំណាយ​​សរុបថវិការដ្ឋ ​ប្រមាណ ៦៧២៩ លានដុល្លារអាមេរិក ក្នុងនោះវិស័យ​​សង្គមកិច្ចជា​​អាទិភាពទី១ ដោយក្តោប លើការ អប់រំ ការងា​​របណ្តុះ​​បណ្តាល​វិជ្ជាជីវៈ​ សុខាភិ​បាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​​សរុប​ប្រមាណជាង ៦ លាន​​លានរៀល កើន​​ឡើង​៩,៥ភាគរយធៀបទៅនឹងឆ្នាំ២០១៨។ ចំពោះ វិស័យការ​​ពារជាតិ  សន្តិ​សុខ និង​​សណ្តាប់​ធ្នាប់​​សាធារណៈ​​ដែល​​​ជាអាទិ​ភាពទី២វិញ​​ ​​គ្រោង​​ចំណាយថវិកា​​ជាង​​៤លាន​​លានរៀល​​​មានការកើន​ឡើង៩,៥​​ភាគរយ​​ធៀបទៅ​នឹងឆ្នាំមុន។

ជាមួយគ្នានេះ ព្រឹទ្ធសភាក៏ឯកភាពឲ្យសេចក្តីព្រាងច្បាប់នេះ ក៏គ្រោងនឹងប្រមូ​លចំណូលក្នុងប្រទេសថវិការដ្ឋប្រមាណ ៥,២៤៨លានដុល្លារអាមេរិក ត្រូវជា១៩,២៨% នៃផ.ស.ស និងមានកំណើន ១៤,០% ធៀបនឹងច្បាប់ឆ្នាំ២០១៨ ៕