សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិទ្រីប៊ូវ៉ាន់ ក្រុងកដ្ឋមន្ឌូ ប្រទេសនេប៉ាល់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងគណៈ
ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិទ្រីប៊ូ វ៉ាន់ ក្រុង កដ្ឋមន្ឌូ ប្រទេសនេប៉ាល់ហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក រយ:ពេល៤ថ្ងៃ ពីថ្ងៃទី២៩វិច្ឆិកា ដល់ថ្ងៃទី២ធ្នូ។

យន្តហោះ ពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ០០១ បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទ្រីប៊ូវ៉ាន់ ក្រុងកដ្ឋមន្ឌូ ប្រទេសនេប៉ាល់ ប្រកបដោយសុវត្តិភាពកាលពីវេលា ម៉ោង១១និង២៥នាទី ម៉ោងនៅក្រុងកដ្ឋមន្ឌូ ប្រទេសនេប៉ាល់ ត្រូវនិងម៉ោង១២និង៤០នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម អ៊ីសវ៉ា ប៉ូក្រែល (Ishwar Pokhrel) ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិនេប៉ាល់ ឯកឧត្តម Khaga Nath Adhikari ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ប្រចាំព្រះរាជា ចក្រកម្ពុជា ឯកឧត្តម អ៊ុង ស៊ាន ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលនេប៉ាល់ និងឥស្សរជនការទូតរបស់ព្រះរាជាណា ចក្រកម្ពុជាជាច្រើនរូប។

សូម បញ្ជាក់ដែរថា គណះប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក រយះពេល៤ថ្ងៃ ពីថ្ងៃទី២៩វិច្ឆិកា ដល់ថ្ងៃទី២ធ្នូ រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម សុខ ចន្តា សោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម សួស យ៉ារ៉ា សមាជិកសភា និងជាអនុប្រធានគណះទាក់ទងការបរទេស របស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ឆែ សុខទី សមាជិកក្រុមស្រាវជ្រាវ នៃគណះទាក់ទងការបរទេស ព្រម ទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនអមដំណើរជាច្រើនរូបទៀត។
អ្នកយកព័ត៌មានពិសេសរបស់អគ្គនាយកដ្ឋានទូរទស្សន៍ ជាតិកម្ពុជាបានអោយដឹងថានៅក្នុងវត្តមាននៃការអញ្ជើញដល់នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរ ដោយផ្ទាល់ពី ឯកឧត្តម អ៊ីសវ៉ា ប៉ូក្រែល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិនេប៉ាល់ បានអញ្ជើញឡើងវេទិកាកិត្តិយស ក្នុងការគោរពភ្លេងជាតិរបស់ព្រះរាជាណាចក្រកម្ពុជា និងនេប៉ាល់ ដើម្បីជានិម្មិតរូបនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅប្រទេសនេប៉ាល់។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ១៩៦៤ ប៉ុន្តែរហូតមកដល់ថ្ងៃ ទី៧ ខែកញ្ញា ឆ្នាំ១៩៩៩ ប្រទេសទាំងទាំងពីរបានភ្ជាប់ទំនាក់ទំនងជាថ្មីឡើងវិញ បន្ទាប់ពីការអាក់ខានមួយរយះពេល។ នេះគឺជាដំណើរទស្សនកិច្ចខ្ពស់បំផុតលើកដំបូងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅកាន់ទីក្រុងកដ្ឋមន្ធូ ប្រទេសនេប៉ាល់ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ខាន់ហ្កា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ សហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ទៅកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១០ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមមហាសន្និបាតលើកទី៦ នៃសន្និបាតអន្តរជាតិ របស់គណបក្សនយោបាយតំបន់អាស៊ី នៅរាជធានីភ្នំពេញ៕