គោលនយោបាយទិដ្ឋាការថ្មីជួយជំរុញកិច្ចសហប្រតិបត្តិការ រវាងវៀតណាម និងកូរ៉េខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ — កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយទិដ្ឋាការថ្មីរបស់កូរ៉េខាងត្បូងចំពោះប្រជាជនវៀតណាម នៅក្នុងឱកាសនៃការទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Kim Dae-hyon នៅទីក្រុងហាណូយ។
ក្រោមគោលនយោបាយនេះ អ្នករស់នៅជាអចិន្រ្តៃយ៍នៅក្នុងទីក្រុងធំៗចំនួនបីរបស់វៀតណាម ដែលរួមមានទីក្រុងហាណូយ ហូជីមិញ និងដាណាង នឹងអាចដាក់ពាក្យសុំទិដ្ឋាការប្រភេទ C-3 បាន ចាប់ពីដើមខែធ្នូ ឆ្នាំក្រោយ។
អ្នកកាន់ទិដ្ឋាការប្រទេ C-3 អាចស្នាក់នៅក្នុងប្រទេសកូរ៉េបានរហូតដល់ ៣០ថ្ងៃ ដោយគ្មានការរឹតបន្តឹងលើចំនួននៃការចូលទៅលេងរយៈពេលប្រាំឆ្នាំ។

ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់កូរ៉េខាងត្បូងនេះ គឺផ្អែកទៅលើមូលដ្ឋាននៃភាពជឿទុកចិត្តផ្នែកនយោបាយ ភាពជាដៃគូយុទ្ធសាស្ត្រ និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
លោកបាននិយាយថា គោលនយោបាយនេះបានផ្តល់លក្ខខណ្ឌក្នុងការបង្កើនការផ្លាស់ប្តូរទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ ដោយលោកបានសំដែងនូវក្តីសង្ឃឹមថា ប្រជាជនកាន់តែច្រើននៅក្នុងខេត្ត និងទីក្រុងផ្សេងៗទៀតរបស់ប្រទេសវៀតណាម នឹងត្រូវបានផ្តល់ទិដ្ឋាការរយៈពេលវែងក្នុងការចូលទៅកាន់ប្រទេសកូរ៉េខាងត្បូងនាពេលខាងមុខ។
ឯកអគ្គរដ្ឋទូត Kim បានគូសបញ្ជាក់នូវសក្តានុពលដ៏ធំធេងសម្រាប់កូរ៉េខាងត្បូង និងវៀតណាម ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដោយបង្ហាញការជឿជាក់ថា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំនាពេលអនាគត។

កូរ៉េខាងត្បូងស្ថិតក្នុងចំណោមវិនិយោគិនបរទេសឈានមុខគេនៅក្នុងប្រទេសវៀតណាម ដោយមានគម្រោងជាង ៧.៣០០គម្រោង នៅក្នុង ៥៥ខេត្ត ក្រុង នៅក្នុងវិស័យមួយចំនួន។ ក្រុមសេដ្ឋកិច្ចនាំមុខជាច្រើនរបស់កូរ៉េខាងត្បូង បានជ្រើសរើសយកប្រទេសវៀតណាមជាទិសដៅមួយសម្រាប់អភិវឌ្ឍមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ ដែលមានជាប់ទាក់ទងនឹងសង្វាក់តម្លៃសកលលោក៕

(ប្រភព VNAបកប្រែដោយលោក យា ចិន្តាខន្តី)