រដ្ឋមន្ត្រីការបរទេសចិននិងអេស្ប៉ាញជួបប្រជុំគ្នាស្តីពីចំណងទាក់ទងទ្វេភាគី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨​ — សមាជិកក្រុមប្រឹក្សារដ្ឋ នឹងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ( Wang Yi ) បានជួបជាមួយរដ្ឋ មន្ត្រីការបរទេសអេស្ប៉ាញលោក Josep Borrell ក្នុងទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃអង្គារ ដោយភាគីទាំងពីរបានសន្យាធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការទ្វេភាគី ។

លោក វ៉ាង កំពុងអមដំណើរប្រធានាធិបតីចិន លោក ស៊ី ជីនពីង​( Xi Jinping ) ក្នុងទស្សនកិច្ចផ្លូវរដ្ឋមួយនៅប្រទេសអេស្ប៉ាញ ។ លោក ស៊ី បានទៅដល់ទីក្រុងម៉ាឌីដ កាលពីថ្ងៃអង្គារ សម្រាប់ទស្សនកិច្ចលើកដំបូងធ្វើឡើងដោយប្រមុខរដ្ឋចិនមួយរូបនៅប្រទេសអឺរ៉ុបនេះ ក្នុងពេល១៣ឆ្នាំ ។ ក្នុងអំឡុងកិច្ចប្រជុំនោះលោក វ៉ាង បាននិយាយថា ទំនាក់ទំនងទ្វេភាគីបានរីកចម្រើនដោយឥតប្រែប្រួលចាប់តាំងពីប្រទេសចិននិងប្រទេសអេស្ប៉ាញ បានបង្កើតចំណងទាក់ទងការទូត ៤៥ ឆ្នាំកន្លងទៅនេះ។

លោក វ៉ាង បាននិយាយថា ទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីស៊ីនៅប្រទេសអេស្ប៉ាញ នឹងចាក់បញ្ចូលនូវកម្លាំងចលករដ៏ខ្លាំងចូលទៅក្នុងទំនាក់ទំនងទ្វេភាគី ។

លោកបាននិយាយថា ចិនត្រៀមខ្លួនធ្វើការជាមួយភាគីអេស្ប៉ាញ ដើម្បីធ្វើឱ្យស៊ីជម្រៅកិច្ចសហ-ប្រតិបត្តិការ ស្តីពីការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់ និងផ្លូវ នឹងនៅក្នុងវិស័យផ្សេងៗដទៃទៀត, បង្កើនការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន ព្រមទាំងវប្បធម៌ , ពង្រឹងការសម្របសម្រួលគ្នានិងកិច្ចសហប្រតិបត្តិការក្នុងរង្វង់ក្របខ័ណ្ឌ អ.ស.ប , ក្រុម២០ ( G20 ) នឹងអង្គការពាណិជ្ជកម្មពិភពលោក , ការពាររួមគ្នាលទ្ធិពហុភាគីនិយម និងប្រព័ន្ធពាណិជ្ជកម្មសេរី ព្រមទាំងជំរូការអភិវឌ្ឍយ៉ាងត្រឹមត្រូវ និងឥតប្រែប្រួលនៃទំនាក់ទំនងចិន – អឺរ៉ុប។

សម្រាប់ផ្នែកលោកវិញ លោក Borrell បាននិយាយថា ទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី មានសារសំខាន់បំផុត ហើយនឹងក្លាយទៅជាចំណុចចាប់ផ្តើមថ្មីមួយនៅក្នុងចំណងទាក់ទងទ្វេភាគី ។

លោកបាននិយាយថា ចិន គឺជាដៃគូកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់បំផុតរបស់អេស្ប៉ាញ​ក្នុងអាស៊ី ហើយប្រទេសទាំងពីរ បានរក្សានូវទំនាក់ទំនងនយោបាយ, សេដ្ឋកិច្ច និង វប្បធម៌ដ៏ខ្លាំង ។

លោកបាននិយាយថា ភាគីអេស្ប៉ាញគាំទ្រលទ្ធិពហុភាគីនិយម និងពាណិជ្ជកម្មសេរី ព្រមទាំងត្រៀម ខ្លួនដើរតួនាទីជាវិជ្ជមានមួយ ក្នុងសហភាពអឺរ៉ុប នៅក្នុងការអភិវឌ្ឍទំនាក់ទំនងអឺរ៉ុប -ចិន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )