ប្រធានហាម៉ាស់ទទួលការអញ្ជើញជាផ្លូវការទៅធ្វើ ទស្សនកិច្ចក្រុងមូស្គូក្នុងពេលឆាប់ៗនេះ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ — ចលនាហាម៉ាស់អ៊ីស្លាមបានប្រកាសពីថ្ងៃពុធថា ប្រធានការរិយាល័យនយោបាយរបស់ខ្លួន លោក      អ៊ីស្មាយ ហានីយ៉េ ( Ismain Haniyeh ) បានទទួលការអញ្ជើញជាផ្លូវការមួយពីប្រទេសរុស្ស៊ីឱ្យធ្វើទស្សនកិច្ច ក្រុងមូស្គូក្នុងពេលឆាប់ៗនេះ ។

ការិយាល័យរបស់លោក ហានីយ៉េ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានមួយថា ក្រសួង ការបរទេសរុស្ស៊ីបានអញ្ជើញលោក ហានីយ៉េ ទៅធ្វើទស្សនកិច្ចក្រុងមូស្គូ ក្នុងពេលឆាប់ៗនេះ ។ សេចក្តីថ្លែង ការណ៍នោះមិនបានបញ្ជាក់ច្បាស់វេលានៃទស្សនកិច្ចនេះទេ ។

សេចក្តីថ្លែងការណ៍បាននិយាយថា ការអញ្ជើញនោះត្រូវបានប្រគល់ឱ្យដោយលោក Haydar Raashid តំណាងការទូតរុស្ស៊ីនៅទីក្រុងរ៉ាម៉ាឡា ក្នុងអំឡុងកិច្ចប្រជុំមួយជាលោក ហានីយ៉េ ដែលបានធ្វើឡើងនៅឯការិយាល័យរបស់លោកនៅ ហ្គាហ្សា កាលពីព្រឹកថ្ងៃពុធ ។

តាមសេចក្តីថ្លែងការណ៍ហាម៉ាស់ឱ្យដឹងថា អ្នកការទូតរុស្ស៊ីនោះបាននិយាយថា ប្រទេសរបស់លោកកំពុងធ្វើកិច្ចខំប្រឹងប្រែងលើគ្រប់កម្រឹតទាំងអស់ ដើម្បីគាំទ្របុព្វហេតុប៉ាឡេស្ទីន។

ប្រទេសរុស្ស៊ីកំពុងមានចំណងទាក់ទងជាមួយចលនាហាម៉ាស់ ហើយបានទទួលផ្ទួនៗគ្នាគណៈ      ប្រតិភូហាម៉ាស់ ជាច្រើននៅក្នុងក្រុងមូស្គូ ថ្វីបើក្រុមហាម៉ាស់ត្រូវបានចុះបញ្ជីដោយ ស.រ.អា និងអឺរ៉ុបថា ជាពួកភេរវជនក៏ដោយ ៕

( ​ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )