សហភាពសហព័ន្ធយុវជនកម្ពុជា រួមគ្នាជាក្រុមបង្កើតព្រឹត្តិការណ៍«៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ»

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ឌី​ណេ​ និង​លោក​ ចន​ ណារិទ្ធ​៖


​ សហភាពសហព័ន្ធយុវជនកម្ពុជា រួមគ្នាជាក្រុម ដើម្បីទទួលបានជោគជ័យ ក្នុងឱកាសស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រ តាមរយៈការធ្វើដំណើរដោយថ្មើរជើង រួមគ្នានៅលើគន្លងផ្លូវដែលមានចម្ងាយ៤០គីឡូម៉ែត្រ។


​ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអោយដឹងថា ព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ»នេះ គឺជាវេទិកាសម្រាប់ឲ្យយុវជនចេះរួបរួមគ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត ព្រមទាំងស្វែងយល់ពីកម្រិតសមត្ថភាពរបស់ខ្លួន ក៏ដូចជាកម្រិតនៃការតស៊ូ ភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែង តាមរយៈការធ្វើដំណើរដោយថ្មើរជើងរួមគ្នា នៅលើគន្លងផ្លូវដែលមានចម្ងាយ៤០គីឡូម៉ែត្រទៅកាន់តំបន់ប្រវត្តិសាស្ត្រ។ ឯ.ឧបានបន្តថា អ្នកចូលរួមទាំងអស់នឹងត្រូវបានបែងចែកជាក្រុម ដោយក្រុមបុរសត្រូវធ្វើដំណើរនៅលើដងផ្លូវមួយ ដែលមានចម្ងាយ ៤០គីឡូម៉ែត្រ និងក្រុមនារី អាចដើរក្នុងចម្ងាយផ្លូវ ២០ ឬ ៤០គីឡូម៉ែត្រ។ តាមការធ្វើដំណើរនេះ ត្រូវចំណាយអស់ថិរវេលាប្រមាណ២ថ្ងៃ ១យប់ និងមួយថ្ងៃទៀត សម្រាប់ការបោះជំរំ នៅទីតាំងវិមានអនុស្សាវរីយ៍២ធ្នូ។


សំឡេង៖ ដើម្បីសំរេចបាន យើត្រូវការ ការជួយគាំទ្រទាំងទឹកចិត្តនិង ស្មារតី ជួយក្នុងក្រុមទៅវិញទៅមក យើងមិនអាចទៅតែម្នាក់ឯងបានទេ ហើយដើរតែឯងក៏គ្មានកំលាំងឆ្ពោះទៅមុខដែរ ចឹងជាកាចាំបាត់យើងត្រូវ យល់ដឹងច្បាស់ថា យើងធ្វើនេះដើម្បីអ្វី យើងសាកល្បងដើម្បីអ្វី ហើយកត្តាសំរេចបាន មិនមែនជាការឈ្នះចាញ់នោះទេ ត្រូវក្រុមៗ ត្រូវមានឆន្ទៈចង់បង្ហាញស្នាដៃក្រុមរៀងៗខ្លួន ក៏ប៉ុន្តែក្នុងលក្ខណៈជាក្រុមតែម្តង គឺយើងចង់អោយសមាជិកម្នាក់ៗឈានទៅដល់ឆ្ពោះទៅដល់ជាមួយគ្នា។


ឯ.ឧបានបន្ថែមទៀតថា ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីបង្កើតបរិយាកាសស្និតស្នាល និងប្រកបដោយភារតភាព ដែលក្នុងនោះយុវជនទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យមានសកម្មភាពកសាងក្រុម ការដើររួមគ្នា ច្រៀងចម្រៀងរួមគ្នា ការចំអិនអាហាររួមគ្នា ការបោះជំរុំ ការដុតភ្លើងគប់ ការនិទានរឿង និងការបញ្ចេញសមត្ថភាព ទេពកោសល្យផ្ទាល់ខ្លួន ក៏ដូចជាការច្រៀង រាំកម្សាន្តផ្សេងៗ។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ដ្រ» របស់សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញដំណើរពីរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ស្រុកស្នួល ខេត្តក្រចេះ ដែលដឹកនាំដោយ ឯកឧត្តមហ៊ុន ម៉ានី និងមានអ្នកចូលរួមប្រមាណ៧០០នាក់៕