សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅទស្សនកិច្ច និងប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៨នៅនេប៉ាល់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ មឹង​កុសល​ និង​ លោក​ អ៊ូ​កាណែល​៖

តបតាមការអញ្ជើញរបស់ ឯកឧត្តម ខាត់ហ្កា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ចាប់ពីថ្ងៃទី 29 ដល់ថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2018 និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ 2018 នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់ ពីថ្ងៃទី30 ខែវិច្ឆិកា ដល់ថ្ងៃទី2 ខែធ្នូ ឆ្នាំ2018។


ឥស្សរជនកម្ពុជាដែលអញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តីរួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសមាជិកដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជាផងដែរ។


នៅក្នុងឱកាសទស្សនកិច្ចផ្លូវការ សម្ដេចតេជោ ហ៊ុន សែន នឹងជួបសំដែងការគួរសមជាមួយលោកជំទាវ ប៊ីធយ៉ា ដេវីបានដេវី ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ និងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ខាត់ហ្គាប្រាសាត សាម៉ាអូលី នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ។ បន្ទាប់មក ថ្នាក់ដឹកនាំប្រទេសទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួនដែរ។


ដោយឡែកក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ 2018 នៅនេប៉ាល់ សម្ដេចតេជោហ៊ុនសែន នឹងអញ្ជើញថ្លែងសុន្ទរកថា ស្របតាមមូលបទនៃកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិច២០១៨-នេប៉ាល់ “ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃយុគសម័យរបស់យើងៈ ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសកល” ។
នៅក្នុងឱកាសស្នាក់នៅប្រទេសនេប៉ាល់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទស្សនាទីប្រជុំជន បូរាណ ប៉ាតាន់ ឌូបា ដែលជារមណីយដ្ឋាន ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
តាមការគ្រោងទុក សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងនិវត្តន៍ មកមាតុប្រទេសវិញ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨៕