កម្ពុជា-រុស្សី ផ្លាស់ប្តូរបទពិសោធន៍ការគ្រប់គ្រងសំណល់រឹង រាវ និងការងារបរិស្ថាន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ក្រុមការងារកម្ពុជា-រុស្ស៊ីស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគាំពារបរិស្ថានបានរៀបចំកិច្ចប្រជុំលើកទី១ របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានកម្ពុជា និងលោក Inamov Nuritdin ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងធនធានធម្មជាតិនិងបរិស្ថានសហព័ន្ធរុស្ស៊ី។


ផេកក្រសួងបរិស្ថានបានអោយដឹងថាកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្រសួងធនធានធម្មជាតិនិងបរិស្ថាន សហព័ន្ធ រុស្ស៊ី បានប្រព្រឺត្តទៅដោយមានការចូលរួមពីប្រតិភូនៃក្រុមការងាររវាងប្រទេសទាំងពីរកម្ពុជា-រុស្សី និងបានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍នៃការគ្រប់គ្រងសំណល់រឹង រាវ ការកែច្នៃសំណល់ ការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ និងយន្តការអនុវត្តន៍ រួមមានវិធានការច្បាប់គតិយុត្តិ និងវិធានការបច្ចេកទេស ទាក់ទងនឹងវិស័យបរិស្ថាននៃប្រទេសទាំងពីរកម្ពុជា-រុស្សី។


លោក Inamov Nuritdin បានបញ្ជាក់ថា សហព័ន្ធរុស្ស៊ីបានចូលរួមជាមួយបណ្តាប្រទេសនានាក្នុងកាត់បន្ថយឥទ្ធិពលដែលប៉ះពាល់លើបរិស្ថាន។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានជម្រាបជូនភាគីរុស្ស៊ីពីការរៀបចំក្រមបរិស្ថានសម្រាប់កម្ពុជា ដែលជាផ្នែកមួយនៃការកែទម្រង់ការគ្រប់គ្រងបរិស្ថានតាមបរិបទនៃការអភិវឌ្ឍនិងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។


សូមបញ្ជាក់ថា ក្រុមការងារនៃប្រទេសកម្ពុជា និងរុស្សី បានធ្វើការពិភាក្សាបន្តលើចំណុចមួយចំនួន ដែលរួមមានការការពារខ្យល់ក្នុងបរិយាកាស ការគ្រប់គ្រងប្រភពធនធានទឹកនិងគុណភាព ការទុកដាក់និងការកែច្នៃសំណល់រឹង រាវ ការអភិរក្សធនធានជីវចម្រុះ ការគ្រប់គ្រងតំបន់ការពារ បញ្ហាការប្រែប្រួលអាកាសធាតុ និងការពង្រឹងវិធានការគតិយុត្តិ សម្រាប់ការលើកកំពស់ការអនុវត្តការងារគ្រប់គ្រងបរិស្ថាន។


តាមរយៈកិច្ចពិភាក្សា អ្នកជំនាញបច្ចេកទេសមកពី ក្រសួងធនធានធម្មជាតិនិងបរិស្ថាននៃសហព័ន្ធរុស្ស៊ី បានធ្វើបទបង្ហាញ មួយចំនួនផ្តោតលើការគ្រប់គ្រងនិងកែច្នៃសំណល់រឹង រាវ នៅទីក្រុងម៉ូស្គូ ប្រទេសរុស្សីផងដែរ។


ក្រោយពីបានពិភាក្សានិងពិនិត្យលទ្ធភាពដើម្បីជំរុញការងារបន្ត ក្រុមការងារប្រទេសទាំង២ បានឯកភាពគ្នាលើការងារមួយចំនួនដែលនឹងត្រូវឆ្លុះបញ្ចាំងតាមរយៈផែនការសកម្មភាពរវាងប្រទេសទាំង២ ការលើកកំពស់កិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់មន្ត្រីជំនាញបច្ចេកទេស អ្នកវិទ្យាសាស្ត្រ និងមន្ត្រីពាក់ព័ន្ធនានា៕