គ្រូណាហ្គាវើល៖ ក្រុមជើងឯកលីគវៀតណាម គឺជាឧបស័គ្គធំនៅក្នុងពូលF នៃព្រឹត្តិការណ៍ AFC Cup 2019

AKP ភ្នំពេញ ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ — លោក មាស ចាន់ណា គ្រូបង្គោលក្រុមបាល់ទាត់ណា ហ្គាវើល ដែលជាក្រុមជើងឯកលីគ​កំពូលកម្ពុជា រដូវកាល២០១៨ បានបញ្ជាក់ប្រាប់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ថា សម្រាប់ការប្រកួតក្នុងពូលFនៃព្រឹត្តិការណ៍កីឡាបាល់ទាត់លំដាប់ទី២ទ្វីបអាស៊ី AFC Cup 2019 គឺក្រុម Hanoi FC របស់ប្រទេសវៀណាម គឺជាឧបស័គ្គធំជាងគេ ក្នុងការប្រជែង​ពិន្ទុឡើងទៅវគ្គជម្រុះបន្ត។

 

លោកបន្ថែមថា សម្រាប់ការត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិ ការណ៍នេះគឺកីឡាកររបស់ខ្លួនត្រូវបាន ប្រមូលផ្តុំហ្វឹកហាត់បង្កើនបច្ចេកទេសជាង១ខែ មក ហើយ ធ្វើយ៉ាងណាឱ្យគុណភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ កីឡាកររបស់លោក ៤នាក់ ដែលជាប់នៅក្នុងក្រុមជម្រើសជាតិនោះមិនទាន់ឱ្យចូលរួមប្រកួតនៅឡើយ ដោយឱ្យ​សម្រាកបណ្តោះអាសន្នសិន។

រីឯកីឡាករម្នាក់ត្រូវបានផ្ទេរទៅលេងឱ្យក្លិបវិសាខា ដូច្នេះកីឡា ករជម្រើសជាតិនោះនៅសល់៣នាក់ ដែលត្រូវចូលរួមហ្វឹកហាត់ត្រៀមប្រកួត AFC Cup 2019។ លោកបានអះអាងថា ពេលនេះណាហ្គាវើលកំពុងបង្កើនការបង្វឹកដល់ថ្នាលយុវជន ហើយ នៅពេលខាងមុខឆាប់ៗនេះនឹងត្រូវរៀបចំឱ្យហ្វឹកហាត់ជុំគ្នាទាំងកីឡាករយុវជន និង កីឡាករចាស់ៗ ចំណែកកីឡាករបរទេសកំពុងតែស្វែងរកនៅឡើយ ដែលកំពុងសិក្សា និង​ចរចា តម្លៃខ្លួន។

យោងតាមការចាប់ឆ្នោតចែកពូល កាលពីសប្តាហ៍មុនរបស់សហព័ន្ធកីឡាបាល់ទាត់ អាស៊ី AFC នៅ ប្រទេសសិង្ហបុរី គឺក្រុមណាហ្គាវើលរបស់កម្ពុជាត្រូវលេងនៅក្នុងពូលF ជាមួយ ៣ក្រុមផ្សេងទៀត រួមមាន ក្រុម Hanoi FC របស់វៀតណាម, Tampines Rovers របស់សិង្ហបុរី និងYangon United/Zwekapin United របស់មីយ៉ាន់ម៉ា។ ក្រុមណាហ្គាវើល នឹងត្រូវប្រកួតបើក​ឆាកជាមួយក្រុមម្ចាស់ផ្ទះ Hanoi FC នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ មុនទទួលភ្ញៀវ Yangon United/Zwekapin United របស់មីយ៉ាន់ម៉ានៅទឹកដីកម្ពុជា ដោយ៤ក្រុមក្នុងពូលF ក៏ដូចជាពូលដទៃៗទៀតត្រូវប្រកួតក្នុងដី និងក្រៅដីដូចៗគ្នា។​ ការប្រកួតនៅក្រៅដី សម្រាប់ ក្រុមណាហ្គាវើល ទទួលបានប្រាក់ឧបត្ថម្ភចំនួន៤ម៉ឺនដុល្លារពីសហព័ន្ធ កីឡាបាល់ទាត់ប្រចាំ ទ្វីបអាស៊ី AFC ខណៈបណ្តាក្រុមផ្សេងៗទៀតក៏ទទួលបានប្រាក់ឧបត្ថម្ភបែបនេះដូចៗគ្នា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ក្លិបទ្វីបអាស៊ី AFC Cup 2019 វគ្គចែកពូល បឋម​នេះមាន៩ពូល ក្នុង១ពូលៗមាន៤ក្រុមស្មើៗគ្នា សរុបមានចំនួន៣៦ក្រុម ដែលជាក្រុម ជើងឯកលីគកំពូលនៃបណ្តាប្រទេសនានា ក្នុងទ្វីបអាស៊ីទាំងមូល៕

ដោយ ហេង ណាលីន