មន្រ្តី​ក្រសួង​ទេស​ចរណ៍​បង្ហាញ​ថា កម្ពុជាត្រូវការធនធានមនុស្សជំនាញផ្នែកស្ប៉ា និងសុខុមាលភាពជាច្រើន​សម្រាប់បម្រើឱ្យវិស័យទេសចរណ៍កម្ពុជា

AKP សៀមរាប ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ — នៅក្នុងបទបង្ហាញនៃកិច្ចប្រជុំគណៈកម្មការតាមដាន និងត្រួតពិនិត្យអ្នកជំនាញ ទេសចរណ៍អាស៊ាននៅខេត្តសៀមរាប​នៅ​ព្រឹកថ្ងៃទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០១៨នេះ លោក ទ្រី ឈីវ​ អគ្គនាយរងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បាន​មាន​ប្រសាសន៍ថា បច្ចុប្បន្ននេះ​កម្ពុជាត្រូវការធនធានមនុស្សដែលមាន​ជំនាញ​ជាច្រើន​សម្រាប់​បម្រើឱ្យវិស័យទេសចរណ៍ ក្នុងនោះអ្នកជំនាញផ្នែកស្ប៉ា និងសុខុមាលភាព គឺកំពុងតែមានតម្រូវការយ៉ាងច្រើន​ ព្រោះសេវាកម្មមួយនេះកំពុងតែមានការពេញសម្រាប់អ្នកទេសចរ។

លោកបានបន្តថា កន្លងមកក្រសួងទេសចរណ៍បានយកចិត្តទុកដាក់ ធ្វើការបណ្តុះ បណ្តាលជំនាញបច្ចេកទេស និងបដិសណ្ឋារ និងអ្នកជំនាញស្ប៉ា និងសុខុមាលភាព បានរាប់ពាន់នាក់រួចហើយនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីទទួលស្វាគមន៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយផ្តល់សេវាកម្មប្រកបដោយភាព ពេញចិត្ត និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ ក្រសួងទេសចរណ៍កម្ពុជា បានរៀបចំ និងដាក់ឱ្យ ប្រើប្រាស់ស្តង់ដាសមត្ថភាពស្ប៉ា និងសុខុមាលភាពកម្ពុជា របស់ខ្លួនរួចហើយតាមសាលា បណ្តុះបណ្តាលវិជ្ជាវៈទេសចរណ៍ និងកម្មវិធីបណ្តុះបណ្តាលនានា។

នៅកិច្ចប្រជុំពិសេសនេះ​  និងជំរុញការបណ្តុះបណ្តាលជំនាញថ្មីៗបន្ថែមទៀត ដល់អ្នកកំពុងបម្រើការងារក្នុង សេវាកម្មស្ប៉ា និងសុខុមាលភាព ឱ្យស្របតាមស្តង់ដាអាស៊ាន ទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ ពីលើជំនាញដែលមានស្រាប់។ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា កិច្ចប្រជុំពិសេសនៃគណៈកម្មការតាមដាន និងត្រួតពិនិត្យអ្នកជំនាញទេសចរណ៍ អាស៊ាន(ATPMC)នៅពេលនេះ នឹងពិភាក្សាបញ្ចប់លើពង្រាងស្តង់ដាបណ្តុះបណ្តាលស្ប៉ា និងសុខុមាលភាពអាស៊ាន (Spa Professionals) ដែលកម្ពុជាទទួលបន្ទុករៀបចំក្នុងការបង្កើត ស្តង់ដារកម្មវិធីបណ្តុះបណ្តាលរួមរបស់អាស៊ាន ព្រមទាំងលើកកម្ពស់ការបណ្តុះបណ្តាល ដល់អ្នកជំនាញវិជ្ជាជីវៈស្ប៉ា និងសុខុមាលភាព និងផ្តល់ជំនាញបន្ថែមដល់អ្នកជំនាញស្ប៉ា ស្របតាមស្តង់ដាជាតិ-អាស៊ាន ដែលឆ្លើយតបទៅនឹងស្តង់ដារួមក្នុងតំបន់។ឯកឧត្តមបានបន្តថា បើតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ឆ្នាំ២០២០ នឹងសម្រេចបាននូវការងារបណ្តុះបណ្តាល និងវាយតម្លៃ អ្នកជំនាញទេសចរណ៍កម្ពុជាបានចំនួន៥០ភាគរយ ស្របតាមស្តង់ដាជាតិ និងអស៊ាន ឆ្នាំ២០២៥ នឹងសម្រេចបាននូវការងារបណ្តុះបណ្តាល និងវាយតម្លៃ អ្នកជំនាញទេសចរណ៍កម្ពុជា បានចំនួន១០០ភាគរយ ដោយចូលរួមសម្រេចយុទ្ធនា ការផ្សព្វផ្សាយ “បុគ្គលិកម្នាក់ ជំនាញមួយ”។

ឯកឧត្តមបានបញ្ជាក់ថា ជាមួយនឹងកំណើនទេសចរជាតិ និងអន្តរជាតិ ដ៏ខ្លាំងក្លា នាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍ បានបង្កើតការងារផ្ទាល់បានប្រមាណ ៦២ ម៉ឺននាក់ ស្មើនឹង១៣ភាគរយ នៃការងារសរុប ហើយនៅក្នុងឆ្នាំ២០២០ និងបង្កើតការងារ ផ្ទាល់បានប្រមាណ ជិត១លាននាក់  នៅ២០២៥ ប្រមាណ ១.២លាននាក់ និងឆ្នាំ២០៣០ បានចំនួន២លាននាក់ ដោយមិនគិតពីការងារដោយប្រយោល រាប់សិបម៉ឺននាក់ទៀត៕

ដោយ ឃុត សៅ