ប្រមុខរាជរដ្ឋាភិបាលអំពាវនាវសាជាថ្មីឱ្យស្ថាប័នពាក់ព័ន្ធជំរុញការ បញ្ចប់សំណុំរឿងសហជីពនៅតុលាការក្នុងឆ្នាំ២០១៨

AKP កណ្តាល ថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១៨ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​ជំរុញឱ្យស្ថាប័នពាក់ព័ន្ធពន្លឿនការបិទបញ្ចប់សំណុំរឿង សហជីពទាំងឡាយណា ដែល​ជាប់​បណ្តឹងនានាក្នុងស្ថាប័នតុលាការ ឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០១៨។

ក្នុងពីធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត មកពីរោងចក្រ សហ​គ្រា​ស​​​ចំនួន១២ នាព្រឹកថ្ងៃពុធ ៦រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែ​វិ​ច្ឆិ​​កា ​ឆ្នាំ២០១៨​ នៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្ដេចតេជោ មានប្រសាសន៍ថា « ខ្ញុំសូមអំពាវនាវសាជាថ្មីម្ដងទៀត គ្រប់សហជីពទាំងអស់​ដែលជាប់ពាក្យ​ប​ណ្ដឹង​ទាំងឡាយ សូមបញ្ជូនសំណើនេះ​ទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជា​ជី​វៈ​ ដើម្បីធ្វើការងារនេះជាមួយក្រសួងយុត្តិធម៌ និងធ្វើការងារជាមួយនឹងផ្នែកតុលាការ ដើម្បី​ដោះ​ស្រាយឱ្យបានឆាប់រហ័ស នៅបញ្ហាទាំងឡាយដែលទាក់ទងជាមួយនឹងមេសហជីព ឬក៏​អង្គ​ការក្រៅរដ្ឋាភិបាល ដែលមានការពាក់ព័ន្ធ»។ ព្រោះរឿងខ្លះបើមើលទៅលើសំណុំរឿងហ្នឹង រឿង​ខ្លះមិនទាន់មានការស៊ើបអង្កេតចប់នោះទេ។ ឥឡូវតាមដឹងតុលាការ បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រ​សួ​ង​​យុត្តិធម៌បានធ្វើការទៅ តុលាការកំពុងពន្លឿននៃការស៊ើបអង្កេត ដើម្បីបិទបញ្ចប់​ការ​ស៊ើ​ប​អង្កេត ហើយនៅពេលដែលគេបិទបញ្ចប់នៃការស៊ើបអង្កេត តុលាការគេនឹងធ្វើការសនិដ្ឋាន ឬ​មួ​យ​គេចាត់ការយកទៅជម្រះ ហើយបើយកទៅជម្រះសូមធ្វើឱ្យឆាប់រហ័ស ឬមួយ​គេទម្លាក់​ចោ​ល​សំណុំរឿងនេះ ហើយគេតម្កល់ទុកមិនចាត់ការតែម្ដង។ ដូច្នេះបើតម្កល់ទុកមិ​នចាត់​កា​រគឺវាចប់ហើយ។ កុំឱ្យស្ថានភាពដូចសព្វថ្ងៃ មេសហជីពខ្លះកំពុងតែធ្វើការទៅនៅ​ក្រោម​ឥទ្ធិ​ព​ល​​នៃពាក្យបណ្ដឹង នេះគឺជារឿងវាមិនល្អនោះទេ លំហរសេរីភាពនៃការធ្វើការរបស់សហជីព គឺ​មិន​​ទាន់ទទួលបានពេញលេញទេ។

សម្ដេចបានបន្តថា អីចឹង សូមឱ្យក្រសួងការងារ និងបណ្ដុះ​ប​ណ្ដា​​លវិជ្ជាជីវៈ សហ​ការជាមួយនិងក្រសួងយុត្តិធម៌ ហើយតាមរយៈក្រសួងយុត្តិធម៌ ធ្វើការជា​មួ​យ​និង​តុលា​កា​រ​ ដើម្បីបិទបញ្ចប់នូវសំណុំរឿងទាំងឡាយ ដែលពាក់ព័ន្ធជាមួយនិងសកម្ម​ភា​ព​របស់សហជីពដែលតំណាងឱ្យកម្មករ ទោះតិច ទោះច្រើន។ នេះក៏ជាផ្នែកមួយនៃការធានា​សិ​​ទ្ធិ​នយោបាយ និងសិទ្ធការងាររបស់សហជីព និងកម្មករផងដែរ។ ប៉ុន្តែអ្វីដែលខ្ញុំសំណូមពរ គឺ​​សូមឱ្យ​ទាំងអស់គ្នាគោរពច្បាប់ ម្ចាស់រោងចក្រក៏គោរពច្បាប់ កម្មករ កម្មការិនីក៏គោរពច្បាប់​។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ទៀតថា ឥឡូវបិទបញ្ចប់​សំណុំរឿងនេះក្នុងឆ្នាំ​២០​១៨​ទៅ កុំឱ្យមានសំណុំរឿងនេះក្នុងឆ្នាំ២០១៩បន្តទៀត អីចឹងទេសុំប្រញាប់ប្រញាល់​បញ្ហា​នេះ​។​ ដូច្នេះសូមឱ្យសហជីពទាំងឡាយដែលមានគេបណ្ដឹងនៅតុលាការ សូមដាក់សំណូមពរ នេះ​មក​កាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នេះគឺជាប្រគល់ដោយចំហរ​សម្រា​ប់​ការដោះស្រាយបញ្ហានេះ ដើម្បីឱ្យវាឆាប់ចប់ទៅលើរឿងនេះ ដើម្បីម្ខាងមានការងារធ្វើ និង​ម្ខា​ង​ដើម្បី​ធានាសិទ្ធិរបស់កម្មករ។ ដូច្នេះហើយបានជាខ្ញុំត្រូវបន្តធ្វើដំណើរតទៅទៀត ពេល​ប​ញ្ច​​​ប់​ការងារសំណេះសំណាលជាមួយកម្មករហើយ ត្រូវបន្តចុះតាមរោងចក្រដោយផ្ទាល់ ដើម្បី​ធា​នា​ថាសិទ្ធិកម្មករត្រូវបានគោរព ការងារនិងប្រាក់ចំណូលរបស់កម្មករត្រូវបានធានា​ជារៀងរ​ហូ​ត​ទៅ៕

ដោយ ជឹម ណារី