មន្រ្ដីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មីដើម្បី​ការពារធន​ធានធម្មជាតិដែលកំពុងមានស្រាប់

AKP ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨  — មន្រ្ដីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បាន និងកំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មីក្នុងគោលបំណងដើម្បីការពារធនធានធម្មជាតិដែលកំពុងមានស្រាប់ ហើយការរៀបចំធ្វើច្បាប់ថ្មីនេះ គឺបន្ទាប់ពីមានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល កម្ពុជា។

ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយ ដែលមានការអញ្ជើញចូលរួមរបស់សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងមានការចូលរួមជាអន្តរ ក្រសួងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តម ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានគូស បញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួងនេះពិនិត្យឡើងវិញយ៉ាងល្អិតល្អន់នូវច្បាប់ចំនួនបី ជាសំខាន់ គឺច្បាប់ស្តីពី ព្រៃឈើ ច្បាប់ស្តីពីជលផល និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ឯកឧត្តមបាន​បន្ដថា ការរៀបចំច្បាប់ទាំងបីនេះ ដោយមើល​ឃើញថាច្បាប់ទាំង នោះមានចំណុចមួយចំនួន មានការ​វិវាទជាមួយច្បាប់ផ្សេងៗ ជាពិសេសច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ការអនុវត្តគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ។ ទន្ទឹមនេះក្នុង កិច្ចប្រជុំអន្តរក្រសួងនេះគ៏បានសម្រេចធ្វើសេចក្តីព្រាងទាំងបីនេះជាថ្មី ដើម្បីសម្រួល ដល់ការ ប្រត្តិបត្តិរបស់អជ្ញាធរថ្នាក់ក្រោមជាតិ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ោ ភក្តិ។

ឯកឧត្តមបានបន្ថែមថា ក្នុងកិច្ចប្រជុំនេះ សម្តេចក្រឡាហោមស ខេង ក៏បានសម្រេច ឱ្យមានការបញ្ចូលបន្ថែមក្រសួងមួយចំនួនទៀត ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល និងក្រសួងមុខងារសាធារណៈ ជាដើម ដើម្បីចូលរួមតាក់តែងសេចក្តី ព្រាងច្បាប់មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអនុវត្តន៍ឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមបានបន្ថែមទៀតថា នៅពេលខាងមុខនេះ មន្ត្រីជំនាញជាន់ខ្ពស់របស់អន្តរ ក្រសួងទាំងអស់ នឹងត្រូវជួបប្រជុំគ្នាដើម្បីធ្វើសេចក្តីព្រាងច្បាប់ បន្ទាប់មក នឹងមានការរៀបចំ សិក្ខាសាលាថ្នាក់ជាតិមួយ ដោយមានការចូលរួមពិភាក្សា ផ្តល់យោបល់ដោយអង្គការមិនមែន រដ្ឋាភិបាល សហគមន៍ និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីឱ្យខ្លឹមសារសេចក្តីព្រាងច្បាប់ ទាំងនោះកាន់តែសុក្រិត្យថែមទៀត ៕

ដោយ ចាន់ សុធីវង្ស