ប្រទេសចិនគម្រាមសងសឹកបើសិនអាមេរិកដាក់ទណ្ឌកម្មទាក់ទងនឹងរឿងក្រុមឥស្លាមវីហ្គ័រ​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៨.១១.១៨)

ចិន៖ ទូរទស្សន៍បរទេសបានស្រង់សម្តីរបស់ទូតប្រទេសចិនប្រចំានៅអង្គការសហប្រជាជាតិ
ដែលបាននិយាយកាលពីថ្ងៃអង្គារនេះថា ប្រទេសចិននឹងសងសឹក
បើសិនជាអាមេរិកអនុវត្តការដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់របស់ចិននៅក្នុងតំបន់ ស៊ីងជៀង
ដែលត្រូវបានចោទថា បានរំលោភលើសិទ្ធិមនុស្ស ។

ទូតរបស់ប្រទេសចិនប្រចំាអង្គការសហប្រជាជាតិបានបញ្ជាក់ថា
គោលនយោបាយរបស់រដ្ឋាភិបាលចិននៅក្នុងតំបន់នោះ គឺសំដៅអប់រំ
ដល់ជនដែលចាត់ទុកថាជាក្រុមភេរវករ ។ គាត់បាននិយាយទៀតថា
កិច្ចប្រឹងប្រែងរបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆំាងនឹងសកម្មភាពភេរវកម្មអន្តរជាតិ
​ត្រូវបានគេអនុវត្តដោយនយោបាយលំអៀងទៅភាគីម្ខាង និងបានអះអាងថា កិច្ចប្រឹងប្រែងនេះ
គឺដូចទៅនឹងការប្រយុទ្ធរបស់កងទ័ពអាមេរិកប្រឆំាងនឹងក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេស អៀរ៉ាក់
និងប្រទេសស៊ីរី ដែរ ។

ប្រទេសចិនកន្លងមក ត្រូវប្រឈមមុខនឹងប្រតិកម្មពីរដ្ឋាភិបាលបរទេស
និងមន្ត្រីផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក្នុងរឿងការចាប់ឃុំឃាំង
និងការតាមឃ្លំាមើលក្រុមជនជាតិភាគតិចវីហ្គ័រកាន់សាសនាឥស្លាម ក្នុងតំបន់ស៊ីងជៀង ។​