អនុប្រធានទី១ នៃរដ្ឋសភា  ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិលើកទី២ និងមហាសន្និបាតសភាតំបន់អាស៊ីលើកទី១១ នៅតួកគី

AKP ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ — គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដឹកនាំដោយឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា កាលពីព្រលប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញដំណើរទៅចូលរួមកិច្ច ប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី២ និងមហាសន្និបាតសភាតំបន់អាស៊ី(APA)លើកទី១១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគី។ មហាសន្និបាតនេះធ្វើឡើងក្រោមប្រធានបទស្តីពី ការជំរុញឱ្យមានការរីកចម្រើនសេដ្ឋ កិច្ចនៅតំបន់អាស៊ី ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា បណ្តាប្រទេស ដែលជាសមាជិកសភាតំបន់អាស៊ីចំនួន៤២ប្រទេស គណៈប្រតិភូបណ្តាប្រទេសជាអ្នក សង្កេតការណ៍ចំនួន ១៦ប្រទេស និងអង្គការដៃគូសភាសភាចំនួន១០។

ក្នុងដំណើរនេះដែរ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ងួន ញ៉ិល នឹងចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយប្រធានរដ្ឋសភា នៃសាធារណ រដ្ឋតួកគី និងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភា ប៉ាគីស្ថាន ដែលត្រូវធ្វើជាប្រធាន APA បន្តវេនពីប្រទេសតួកគី៕ ដោយ ប៉ាល់ សុង