អង្គការយូណេស្កូ សម្រេចដាក់បញ្ចូល«ល្ខោនខោលកម្ពុជា»ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកវ៉ាងភក្តី
ភ្នំពេញ៖ អង្គការយូណេស្កូ បានសម្រេចដាក់បញ្ចូល«ល្ខោនខោលកម្ពុជា»ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការអនុម័តដាក់បញ្ចូលនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាល សម្រាប់ការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាល សម្រាប់ការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនាពេលនេះ គឺជាមោទនភាពដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំប្រកបដោយគិតបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់អាទិភាពខ្ពស់ដល់ចំពោះបេតិកភណ្ឌវប្បធម៌ជាតិ។ ក្រោមខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការខិតខំពុះពារចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំមន្រ្តីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានកិច្ចសហការគាំទ្រយ៉ាងផុសផុលពីសិល្បករ អង្គការសមាគម សង្គមស៊ីវិល ក្នុងវិស័យសិល្បៈវប្បធម៌ និងការជួយគាំទ្រលើកទឹកចិត្ត ពីមហាជននិងស្រទាប់យុវជនកម្ពុជាទាំងមូល ទើបកម្ពុជាបានទទួលនូវលទ្ធផលជោគជ័យនៃការដាក់បញ្ចូលនូវល្ខោនខោលនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដ៏ត្រចះត្រចង់នេះ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា បេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់ជាតិកម្ពុជា បានរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺលើឆាកអន្តរជាតិ ព្រមទាំងជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោកថែមទៀតផង។ ក្រសួងសាមីនេះ បានអំពាវ នាវដល់សាធារណជនបន្តចូលរួមថែរក្សាការពារ និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ពិសេសបេតិកភណ្ឌវប្បធម៌អរូបី ក្នុងសម័យសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន។
គិតមកទលបច្ចុប្បន្ន អង្គការយូណេស្កូ បានដាក់បញ្ចូលបេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់ កម្ពុជា ជាសម្បត្តិវប្បធម៌ពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិមានដូចជា៖ តំបន់ អង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុក របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោល។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បាននឹងកំពុងរៀបចំឯកសារដាក់ប្រាសាទកោះកេរ្ដិ៍ បន្ទាយឆ្មា និងបេតិកភណ្ឌវប្បធម៌រូបី និងអរូបីមួយចំនួនទៀត ជាបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិបន្តបន្ទាប់ទៀតផងដែរ៕