ក្រសួងទេសចរណ៍សូមការយោគយល់ពីប្រជាពលរដ្ឋខ្មែរចំពោះការឡើងថ្លៃណ្ឋាគារនៅខេត្តព្រះសីហនុក្នុងរយៈចុងក្រោយនេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកចេម ហួត
ភ្នំពេញ ៖រដ្ឋមន្ត្រីក្រសួងទេសចរណ៍សូមការយោគយល់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្តរជាតិចំពោះ​ការឡើងថ្លៃណ្ឋាគារនៅខេត្តព្រះសីហនុក្នុងមួយរយៈពេលចុងក្រោយនេះ ដោយសារតែនៅខេត្តនេះមានសណ្ឋាគាតិច មិនទាន់ឆ្លើយតបទៅនឹងតម្រូវការភ្ញៀវ។

ប្រាប់អ្នកសាព័ត៌មានក្រោយបញ្ចប់សិក្ខាសាលា បូកសរុបការងារប្រឡងប្រណាំង រមណីយដ្ឋានទេសចរណ៍គំរូលើកទី២ និងការប្រឡង ប្រណាំង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី១ ឆ្នាំ២០១៨ នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ នៅសណ្ឋាគាភ្នំពេញ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានពន្យល់ថា ការឡើងថ្លៃនេះ ដោយសារតែសណ្ឋា​គារ​នៅ​ព្រះសីហនុ មានចំនួនតិច គឺសណ្ឋាគារមានតែ៨៨កន្លែងស្មើនឹងជាង៣ពាន់បន្ទាប់ប៉ុណ្ណោះ ក្នុនោះ១៤០០បន្ទប់ ត្រូវបានគេជួលដើម្បីដាក់ភ្ញៀវអន្តរជាតិជាពិសេស គឺជនជាតិចិន៖

៉ធម្មតាតែអ្វីដែលមិនឆ្លើយតបទៅនឹងតម្រូវការ និងសូមណូមពរគឺវាថ្លៃហើយ ។ ប៉ុន្តែទៅថ្ងៃខាងមុខប្រហែល​​ជាមិនថ្លៃពេកទេ ព្រោះបាត់ជាង១៤០០បន្ទប់ហ្នឹងគេយកទៅជួលឲ្យភ្ញៀវរបស់គេដាច់ដោយឡែក ។ ដូច្នេះយើងនឹងខិត​ខំធ្វើសណ្ឋាគារឲ្យបានច្រើនទៀត គឺនៅពេលមានសណ្ឋាគាច្រើនទៅតម្លៃវាមិនសូវចោទជាបញ្ហាទេ ។ នៅកំពង់សោម​ហ្នឹងភ្ញៀវកើន​ឡើងច្រើន ហើយសណ្ឋាគាររត់អតទាន់ ។ ដូច្នេះ ការផ្គត់ផ្គង់ និងតម្រូវការមិនស៊ីចង្វាក់គ្នា​វាអាចទៅ​ដល់ការឡើងថ្លៃ! រឿងនេះវាគេចមិនផុតទេក្រិត្យក្រមសេដ្ឋកិច្ច។ យើងរីករាយទទួលយកការវិនិយោគ ហើយយើង​ក៏ខិតខំគ្រប់គោលដៅទេចរណ៍យើងឲ្យបានល្អ ៉។

ឯកឧត្តមបន្តថា នៅឆ្នាំ២០១៩​ខាងមុខ ខេត្តព្រះសីហនុនឹងលែងខ្វះសណ្ឋាគារទៀតហើយ ព្រោះក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធកំពុងជំរុញការសាងសង់បន្ថែមទៀត ជាលក្ខណៈផ្កាយ៤ចំនួន២ ផ្កាយ៥ចំនួន៧ គឺស្មើនឹងជាង២ពាន់បន្ទប់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកសរសើរថា ក្រុងព្រះសីហនុកំពុងស្ថិត នៅក្នុងដំណើរការអភិវឌ្ឍយ៉ាងល្អ ដោយបានផ្តល់ចំណូលដល់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិតាមការបង់ពន្ធរបស់អ្នកវិនិយោគ។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានមានប្រសាសន៍បញ្ជាក់ថា ថាអាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធមិនបានព្រងើយ​កណ្តើយ​ចំពោះស្ថានភាពនៅខេត្តព្រះសីហនុនោះទេ សូមប្រជាពលរដ្ឋកុំមានការព្រួយបារម្មណ៍ ជាពិសេស ទាក់ទង​ទៅនឹងស្លាក​យីហោរបស់ជនបរទេស នៅក្រុងកំពង់សោម ដោយថា ប៉ុន្មានថ្ងៃមកនេះ មានព័ត៌មានផ្សព្វផ្សាយផុសផុល អំពីផ្លាកសញ្ញា ឬយីហោ នៅតាមហាងនានា ដែលលើកឡើងខុសពីប្រក្រតី។ ប៉ុន្តែក្រសួងក៏បានណែនាំ ឲ្យសរសេរអក្សជា​ចាំបាច់ គឺជាអក្សរខ្មែរនៅពីលើ និងអក្សរអង់គ្លេសនៅពីក្រោម ដោយអក្សរអង់គ្លេស ត្រូវតូចជាងអក្សរខ្មែរ។

សូមបញ្ជាក់ថា ៩ខែ ឆ្នាំ២០១៨ ខេត្តព្រះសីហនុទទួល បានភ្ញៀវទេសចរចំនួន១,៦០០០០០ (មួយលានប្រាំមួយសែន) ភ្ញៀវទេសចរជាតិមានចំនួន ១,១០០០០០ (មួយលានមួយសែន) កើនឡើង១២ភាគរយ សម្រាប់ភ្ញៀវទេសចរអន្ត​រជាតិវិញ មាន​ចំនួនជិត៥០ម៉ឺននាក់ កើនឡើង១៩ភាគរយ៕