រដ្ឋាភិបាលឡាវ ត្រៀមទទួលដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាដើមខែធ្នូនេះ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អាត ចន្ធ៖

មន្ដ្រីការទូតប្រទេសឡាវ បានឱ្យដឹងថា រដ្ឋាភិបាលរបស់ខ្លួនបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការទទួល​ដំ​ណើរ​​​ទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ទៅកាន់ប្រទេសឡាវ នាដើមខែធ្នូខាង​មុខនេះ។

ថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​​​ការបរទេស និងសហប្រត្តិបត្តការអន្ដរជាតិ នាទីស្តីការក្រសួងព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ ឯកឧត្តម Amphay KINDAVONG ឯកអគ្គរដ្ឋទូតឡាវ ដែលទើបតែងតាំងឱ្យបំពេញបេសកកម្មការទូតនៅកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឡាវនាពេលខាងមុខនេះ នឹងត្រូវ​បាន​ស្វា​គមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ និងប្រជាជនប្រទេសឡាវ។ នេះបើយោងតាមការឱ្យដឹងពីលោកជំទាវ ទួត បញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រត្តិបត្តការអន្ដរជាតិ ដែលបានប្រាប់អ្នក​រាយការណ៍ព័ត៌មាននៅក្រោយជំនួបនេះ។


មន្ត្រីអ្នកនាំពាក្យជាន់ខ្ពស់របស់ក្រសួងការបរទេសរូបនេះ បញ្ជាក់ថា នៅក្នុងជំនួបទ្វេភាគីនេះ ផ្ដោតសំខាន់លើការរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឡាវ ដើម្បីពង្រឹងពង្រីកឲ្យកាន់តែល្អប្រសើរឡើងថែមទៀតលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសន្យាផ្តល់កិច្ចសហការ ដើម្បីធ្វើឲ្យការងារការទូត និងទំនាក់ទំនងលើគ្រប់វិស័យរវាងកម្ពុជា និងឡាវទទួលបានជោគជ័យខ្ពស់។ ឯកឧត្តម បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឡាវ នឹងមានការ​ចុះហត្ថ​លេខា​ជា​មួយគ្នាលើកិច្ចព្រមព្រៀងស្តីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងវិស័យផ្សេងៗមួយចំនួនទៀត៕