រាជរដ្ឋាភិបាលកម្ពុជាស្នើកុំឱ្យយកបញ្ហាជនជាតិចិនធ្វើឱ្យប៉ះពាល់វិស័យទេសចរណ៍ និងការវិនិយោគ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

រាជរដ្ឋាភិបាលកម្ពុជាស្នើកុំឱ្យយកបញ្ហាជនជាតិចិន មកធ្វើជាសង្រ្គាមចិត្តសាស្ត្រដែលធ្វើឱ្យប៉ះពាល់វិស័យទេសចរណ៍ និងការវិនិយោគ ខណៈបាននឹងកំពុងលើកទឹកចិត្តដល់វិនិយោគិនពីគ្រប់មជ្ឈដ្ឋានមកបន្តប្រតិបត្តិធុរកិច្ច និងធ្វើទេសចរណ៍នៅកម្ពុជា។
សេចក្តីថ្លែងការណ៍របស់ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកានេះ បានបញ្ជាក់ពីគោលនយោបាយច្បាស់លាស់ ដោយមិនអនុញ្ញាតឱ្យមានសកម្មភាពទាំងឡាយណា ដែលមានចរិតរើសអើងពូជសាសន៍កើតមានឡើងនៅក្នុងប្រទេសកម្ពុជាឡើយ។


សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែបន្តលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ ដែលបាននឹងកំពុងប្រតិបត្តិធុរកិច្ច ក៏ដូចជាទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាកម្សាន្តរមណីយដ្ឋានធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រនៅកម្ពុជា។
សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជានេះ ធ្វើឡើងក្រោយពីសាធារណជននៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានសម្តែងការមិនពេញចិត្ត និងក្តីកង្វល់ជុំវិញភាពអាណាធិបតេយ្យរបស់ក្រុមជនជាតិចិនក្នុងខេត្តព្រះសីហនុ និងការឡើងថ្លៃនៃតម្លៃជួលបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ បន្ទាប់ពីមានវិនិយោគិនចិនជាច្រើនទៅវិនិយោគនៅក្នុងតំបន់ទេសចរណ៍នោះ។
ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អះអាងថា រាជរដ្ឋាភិបាល បាននឹងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការពង្រឹងសន្តិសុខ សុវត្ថិភាព ក៏ដូចជាសណ្តាប់ធ្នាប់សង្គម សម្រាប់បម្រើឱ្យផលប្រយោជន៍សាធារណៈនៅក្នុងខេត្តព្រះសីហនុ។
យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បន្តការអនុវត្តន៍ច្បាប់ ដើម្បីទប់ស្កាត់សកម្មភាពទាំងឡាយណា ដែលអាចបណ្តាលឱ្យកើតមានការជាសង្គ្រាមចិត្តសាស្ត្រ និងការរើសអើងជាតិសាសន៍ ដែលអាចធ្វើឱ្យប៉ះពាល់កិត្យានុភាព និងវិបុលភាព ព្រមទាំងប៉ះពាល់វិស័យទេសចរណ៍ និងការវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ក៏បានអំពាវនាវដល់ជនរួមជាតិ និងទេសចរបរទេសទាំងអស់ ប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ និងគោរពច្បាប់របស់កម្ពុជា ដើម្បីចូលរួមចំណែកដល់សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលជាផលប្រយោជន៍ សម្រាប់ប្រទេសកម្ពុជា ប្រជាជនកម្ពុជា និងវិនិយោគិន ព្រមទាំងទេសចរបរទេសផងដែរ៕