ក្រសួងទេសចរណ៍លើកទឹកចិត្តឲ្យសហគមន៍អេកូទេសចរណ៍ទូទាំងប្រទេសចូលរួមប្រឡងប្រណាំងសហគមន៍ទេសចរណ៍គំរូ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយចេម ហួត

ភ្នំពេញ៖ ក្រសួងទេសចរណ៍លើកទឹកចិត្តឲ្យសហគមន៍អេកូទេសចរណ៍ទាំងអស់ចូលរួមប្រឡងប្រណាំង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ដើម្បីលើកកម្ពស់​វិស័យទេសចរណ៍​ជនបទឲ្យមានការរីកចំរើន។

ក្នុងសិក្ខាសាលាបូកសរុប​“ការ​​ប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី២” និង“ការប្រលងប្រណាំងសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍គំរូលើកទី១”នៅសណ្ឋា គារ​ភ្នំពេញថ្ងៃទី២៨ ខែវិច្ឆិកានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍មានប្រសាសន៍ថា ឆ្នាំ២០១៨នេះ មានរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ចូលរួមប្រឡងប្រណាំងច្រើនដែលជាសញ្ញាថ្មីមួយទៀតក្នុងការអភិវឌ្ឍវិស័យទេសចរណ៍តាមសហគមន៍ ។ ក្រសួងទេសចរណ៍នឹងបន្តការប្រឡងប្រណាំងនេះទៅឆ្នាំខាងមុខទៀតសំដៅធានាអោយបាននូវអនាម័យ និងសណ្តាប់ធ្នាប់​រួមចំណែកពង្រឹងគុណភាពសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៅតាមគោលដៅទេសចរណ៍ឲ្យបានសមស្របតាមកំរិតស្តង់ដា។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា ការចូលរួមប្រឡងប្រណាំងនេះ សហគមន៍ទាំងអស់នឹងទទួលបានការ ណែនាំភ្ញៀវ ការផ្តល់សេវបដិសណ្ឋារកិច្ច ការគ្រប់គ្រង់ និងការផ្សព្វផ្សាយ កាន់តែទូលំទូលាយនៅអោយមានភ្ញៀវទេសចរទៅលេងច្រើន ហើយប្រជាសហគមន៍មានការងារធ្វើ និងទទួលបានប្រាក់ចំណូលខ្ពស់។

លោកជក់ ជំនោ ប្រធាននាយកដ្ឋាន អភិវឌ្ឍផលិតផលទេសចរណ៍បានឲ្យដឹងថា ការ​​ប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី២” និង“ការប្រលងប្រណាំងសហគមន៍ទេសចរណ៍​​​និងអេកូទេសចរណ៍គំរូលើកទី១ឆ្នាំ២០១៨នេះ មានបេក្ខភាពដាក់ពាក្យចូលរួមចំនួន៦៤ មកពី២៣ រាជធានី -ខេត្ត ក្នុងនោះបេក្ខភាពរមណីយដ្ឋានគំរូចំនួន៣៧ និងបេក្ខភាពជាសហគមន៍គំរូមានចំនួន២៧។  ក្រោយពីការវាយតម្លៃទៅលើការគ្រប់គ្រងល្អ សេវាកម្មល្អ  ហើយមានភ្ញៀវចាប់អារម្មណ៍ច្រើនរួចមកក្រសួងទេសចរណ៍បានសម្រេចផ្តល់ពានជ័យលាភីរដ្ឋមណីយដ្ឋានទេសចរណ៍គំរូដល់ រមណីយដ្ឋានទេសចរណ៍ចំនួន២៦ និង សហគមន៍ទេសចរណ៍ចំនួន១៥ កន្លែង។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានរមណីយដ្ឋានទេសចរណ៍សរុបជិត ៤០០កន្លែង និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ប្រមាណ ៥៦កន្លែង ដែលបានចុះបញ្ជីផ្លូវការដោយមន្ទីរទេសចរណ៍រាជធានី-ខេត្ត ។ ជាមួយគ្នានេះ ក៏មានសហគមន៍ប្រមាណជាង ២០០០កន្លែង ដែលត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទផងដែ។ កាលពីឆ្នាំ​២០១៧​កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៥លាន៦សែននាក់ និងនាំប្រាក់​ចំណូល​​​ប្រមាណ​ជាង៣៦០០លាន​លាន​​ដុល្លារ​​អាមេរិក ចាក់​បញ្ចូល​ក្នុងសេដ្ឋកិច្ច​ជាតិ ។ ដោយឡែក​សម្រាប់រយៈពេល ៩ខែ ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤លាន៣ សែននាក់ កើនឡើងក្នុងអត្រាជិត១២ភាគរយ៕