សេដ្ឋកិច្ចកម្ពុជានៅតែបន្តកើន បើទោះជាសេដ្ឋកិច្ចសកលមានបញ្ហាប្រឈម

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

ធនាគារពិភពលោក បានព្យាករថា សេដ្ឋកិច្ចកម្ពុជាបន្តកើន បើទោះជាសេដ្ឋកិច្ចសកលមានបញ្ហាប្រឈម។ អត្រា​កំ​​​ណើន ត្រូវបានរំពឹងថា នឹងមានកំរិតខ្ពស់ជាងកាលពីឆ្នាំមុន គឺកើនដល់៧,១ភាគរយ នៅក្នុងឆ្នាំ២០១៨ ដែល​កំ​ណើននេះ នាំមុខដោយការប្រើប្រាស់ទំនិញក្នុងស្រុក និងការនាំចេញ។
របាយការណ៍ស្តីពី​​​​បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយ ដែលចេញផ្សាយដោយធនាគារពិភពលោកនៅថ្ងៃទី២៨ ខែវិច្ឆិកានេះ បានបង្ហាញថា បន្ទាប់ពីការស្ទុះងើបឡើងបន្តិចម្តងៗ នៅឆមាសទី២ ក្នុង ឆ្នាំ២០១៧មក ការនាំចេញរបស់កម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័ស ដោយមួយភាគធំ គឺតម្រូវការដ៏ច្រើននៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូច ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ដែលគេរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចល្អប្រសើរតិចតួចប៉ុណ្ណោះ។
ការនិទស្សន៍របស់ក្រុមសេដ្ឋវិទូធនាគារពិភពលោកនេះ គឺស្របគ្នានឹងការព្យាករណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងបន្តរឹងមាំដោយវិស័យឧស្សាហកម្ម វិស័យសេវាកម្ម វិស័យកសិកម្ម ដែលធ្វើឱ្យចំណូលរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងម្នាក់ៗ អាចកើនឡើងដល់ជាង១.៧០០ដុល្លារអាមេរិក ខណៈនៅឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋកម្ពុជាក្នុងម្នាក់ៗ មានប្រាក់ចំណូលជាង១.៥០០ដុល្លារ៕
លោក លី ស៊ីដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា «អាទិភាពជាច្រើនសម្រាប់កម្ពុជារួមមាន ការការពារវិស័យហិរញ្ញវត្ថុឱ្យបានល្អ ខណៈកំពុងតែកសាងធនធានបម្រុង ពង្រឹងការប្រកួតប្រជែង និងទប់ស្កាត់កមណើននៃអត្រាប្តូរប្រាក់ពិត ដែលបណ្តាលមកពីកំណើនដ៏ឆាប់រហ័សនៃការនាំចូលទំនិញនាពេលថ្មីៗ»។
ក្រុមសេដ្ឋវិទូរបស់ធនាគារពិភពលោក បានពន្យល់ថា ស្របពេលដែលទស្សនវិស័យយូរអង្វែងនៅតែមានភាពវិជ្ជមាននៅឡើយ កម្ពុជាចាំបាច់ត្រូវ អភិវឌ្ឍន៍ធនធានរូបវ័ន្ត និងធនធានមនុស្ស ដើម្បីទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ជាងមុនក្នុងរយៈពេលវែង។
លោកស្រី អ៊ីងហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា «ដើម្បីសម្រេចបានគោលបំណងរបស់ខ្លួន ក្នុងការទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់កម្រិតមធ្យម កម្ពុជាចាំបាច់ត្រូវបង្កើនការវិនិយោគរបស់ខ្លួនលើផ្នែកធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធ និងធ្វើកំណែទម្រង់នានាដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចលើគ្រប់វិស័យ និងប្រកបដោយចីរភាព។ ការកៀរគរប្រាក់សន្សំក្នុងស្រុកឱ្យបានច្រើន ដើម្បីយកទៅបង្កើនការវិនិយោគ ដែលជាកត្តាសំខាន់ក្នុងការឈានទៅដល់គោលដៅមួយដូចបណ្តាប្រទេសមានសេដ្ឋកិច្ចល្អជាងគេ នៅអាស៊ីសម្រេចបាន។»
ក្រុមសេដ្ឋវិទូរបស់ធនាគារពិភពលោក បានស្នើឱ្យតភ្ជាប់ភាពខ្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធ ដើម្បីស្រូបយកវិនិយោគទុនផ្ទាល់ពីបរទេសលើផ្នែកផលិតកម្ម និងការកែច្នៃកសិកម្មដែលកំពុងតែកើនឡើង ព្រមទាំងការកែលម្អជាបន្តបន្ទាប់លើបរិយាកាសអាជីវកម្ម៕