បណ្ណាល័យជាតិ អំពាវនាវសាធារណៈជន មកអានសៀវភៅឲ្យបានច្រើន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អ៊ួង​វុធ​៖

បណ្ណាល័យជាតិ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានអំពាវនាវសាធារណៈជន សិស្ស និស្សិត ព្រះសង្ឃ អ្នកស្រាវជ្រាវ អ្នកនិពន្ធ ភ្ញៀវបរទេស ពិសេសប្រជាពលរដ្ឋ សូមអញ្ជើញមកអានសៀវភៅ នៅបណ្ណាល័យជាតិ ឲ្យបានច្រើន ដើម្បី ទទួលបានព័ត៌មានថ្មី បង្កើនចំណេះដឹង ព្រោះបច្ចុប្បន្ន បណ្ណាល័យជាតិ មានសៀវភៅគ្រប់គ្រាន់សម្រាប់ សិក្សាស្រាវជ្រាវផ្តល់ជូនមិត្តអ្នកអាន។


លោក សុខ សុផល ប្រធានការិយាល័យ ផ្នែកបេតិគភ័ណ្ឌបណ្ណាល័យជាតិ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី ២៨ វិច្ឆិកាថា បច្ចុប្បន្ន ការអានសៀវភៅនៅបណ្ណាល័យជាតិ ពីសំណាក់សាធារណៈជន និងប្រជាពលរដ្ឋ នៅមានកម្រិតនៅឡើយ។លោកបន្តថា ជារៀងរាល់ថ្ងៃមានតែ សិស្ស និស្សិត អ្នកនិពន្ធ និងភ្ញៀវបរទេសប៉ុណ្ណោះ ដែលឧស្សាហ៏មកអានសៀវភៅនៅបណ្ណាល័យជាតិ និងស្រាវជ្រាវព័ត៌មាន ពាក់ព័ន្ធនិងមេរៀនឬឯកសារដើម ដែលពួកគេត្រូវប្រលង និងព្រឹត្តិការណ៏នៅលើពិភពលោក។

លោកបន្តថា ក្នុងបណ្ណាល័យជាតិ មានសៀវភៅចាស់ និងថ្មីជាច្រើន ព្រោះសព្វថ្ងៃបណ្ណាល័យជាតិជាភ្នាក់ងារ ISBN មានន័ថា រាល់អ្នកនិពន្ធ ដែលបានសរសេរ និងចងក្រងរួច ត្រូវទុកនៅបណ្ណាល័យចំនួន៥ក្បាល សម្រាប់អ្នកសិក្សាស្រាវជ្រាវបន្ត ដូចជាអក្សរសាស្រ្តភាសាអង់គ្លេស បារាំង សៀវភៅសេដ្ឋកិច្ច ប្រវត្តិសាស្រ្ត ពាណិជ្ជកម្ម ភូមិសាស្រ្ត ប្រវត្តិសាស្រ្ត គណិតវិទ្យា ខ្មែរ រូប គីមី ទស្សនាវដ្តី ភាសាបរទេស និងសៀវភៅល្អៗជាច្រើនទៀត។


លោកបានបញ្ជាក់ថា តាមការអង្កេតជារៀងរាល់ថ្ងៃ អ្នកដែលមកអានសៀវភៅ មានតែសិស្ស និស្សិត អ្នកស្រាវជ្រាវ និងអ្នកនិពន្ធប៉ុណ្ណោះ។ ដូច្នេះ ចាប់ពីពេលនេះតទៅ បណ្ណាល័យជាតិសូមអំពាវនាវសាធារណៈជន មកអានសៀវភៅនៅបណ្ណាល័យជាតិឲ្យបានច្រើន។ លោក សុំអំពាវនាវ សិស្សនិស្សិត ជាពិសេសប្រជាជន មិនចាំបាច់តែសិស្សនិស្សិតទេ សុំប្រជាជនសាធារណៈទូទៅ ក៏អាចចូលស្រាវជ្រាវបាន នៅបណ្ណាល័យជាតិ ព្រោះមានទាំងឯកសារចាស់ ឯកសារថ្មីច្រើន នៅពេលដែល ទទួលបានព័ត៌មានច្រើន បានកើនចំណេះវិជ្ជា ក្នុងសង្គមចេះដឹងច្រើនដើម្បីរួមគ្នាកសាងប្រទេសទៅថ្ងៃអនាគត។


សូមបញ្ជាក់ថា៖ រយៈពេល១១ ខែ ក្នុងឆ្នាំ២០១៨នេះ បណ្ណាល័យជាតិ ទទួលបានអ្នកចូលអាន សៀវភៅ ស្រាវជ្រាវឯកសារ ស្រាវជ្រាវប្រវត្តិសាស្រ្ត សរុបមានចំនួន ២០៣២៥នាក់ ក្នុងនោះភាគច្រើនមានព្រះសង្ឃ សិស្ស និស្សិត និងភ្ញៀវបរទេស៕