លោក មូន និងលោក ត្រាំ នឹងជួបប្រជុំគ្នានៅឯ កិច្ចប្រជុំកំពូលG-20

AKP ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ — សេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេ-អ៊ិន និងប្រធានាធិបតីអាម៉េរិលោក ដូណាល់ ត្រាំ នឹងជួបប្រជុំគ្នានៅខាងក្រៅនៃកិច្ចប្រជុំ​កំពូល​G-20 នៅក្នុងប្រទេសអាហ្សង់ទីននាសប្តាហ៍នេះ។

ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក​លោក ចន ប៊ូតុន​ បាននិយាយនៅឯសន្និសីទ​សារព័ត៌មាន​​មួយដោយសង្ខេបថា​ លោក មូន គឺស្ថិតនៅក្នុងចំណោមបណ្តាមេដឹកនាំជាច្រើន​ទៀត​ ដែលប្រធានាធិបតីអាម៉េរិកគ្រោងនឹងជួបប្រជុំក្នុងអំឡុងកិច្ចប្រជុំកំពូលចំនួនពីរថ្ងៃ ដោយ​ចាប់ផ្តើមនៅថ្ងៃសុក្រខាងមុខនេះ។

លោកមិនបានបរិយាយអ្វីនោះទេ។ កន្លងមក មេដឹកនាំទាំងពីរបានជួបប្រជុំគ្នានៅ​ខាងក្រៅនៃ​មហាសន្និបាទ ​អ.ស.ប ​នៅទីក្រុងញ៉ូវយ៉ក កាលពីខែកញ្ញាកន្លងទៅ។ កូរ៉េខាងជើងបានគ្រោងនឹងលើកឡើងនូវរបៀបវារៈនៃកិច្ចចរចានាពេលឆាប់ៗ​ខាងមុខ​នេះ ចំពេលដំណើរការលើការរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់របបនេះដែលបាន​ជាប់គាំង​នោះ។​

លោក គីម បានសន្យាថា នឹងបញ្ចប់ការធ្វើមិនមាននុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ក្នុង​អំឡុង​ពេលកិច្ចប្រជុំចំនួនបីរបស់លោកជាមួយលោក មូន និងកិច្ចប្រជុំមួយទៀតជាមួយ​លោក ​ត្រាំ​ ក្នុងឆ្នាំនេះ។ ប្រទេសកូរ៉េខាងត្បូង និងអាម៉េរិក​បានបង្កើតក្រុមការងារមួយកាលពីសប្តាហ៍កន្លងទៅក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ​ដើម្បី​លប់បំបាត់នុយក្លេអ៊ែរ នៅប្រទេសកូរ៉េខាងជើង និងនាំមកនូវសន្តិភាពថ្មីៗដល់ឧបទ្វីបកូរ៉េ តាមរយៈកិច្ចផ្លាស់ប្តូរឆ្លងកាត់ព្រំដែនគ្នាទៅវិញទៅមកដែលបានបង្កើតឡើងនោះ។

លោក ត្រាំ បាននិយាយថា លោកនៅតែសង្ឃឹមថា នឹងមានកិច្ចប្រជុំកំពូលលើកទីពីរមួយ ជាមួយលោក គីម នាដើមឆ្នាំក្រោយនេះ។​ ទីក្រុងសេអ៊ូលបាននិយាយផងដែរថា ខ្លួនសង្ឃឹមថា លោក គីម ​នឹងធ្វើទស្សនកិច្ចនៅ​ទីក្រុងសេអ៊ូល​នៅមុនដំណាច់ឆ្នាំនេះ ខណៈពេលដែលបានព្រមព្រៀងគ្នា ក្នុងអំឡុងពេល​កិច្ចប្រជុំកំពូល​អន្តរកូរ៉េកាលពីខែកញ្ញាកន្លងទៅនោះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )