លោក ពូទីន និងលោកស្រី មែរកែល ពិភាក្សាគ្នាពីស្ថានការណ៍ នៅច្រកសមុទ្រ Kerch តាមទូរស័ព្ទ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ — សេវាព័ត៌មានវិមានក្រឹមឡាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ( Vladimir Putin ) បានធ្វើការពិភាក្សាគ្នាពីស្ថានការណ៍នៅក្នុងច្រកសមុទ្រ Kerch ជាមួយអធិការបតីអាលឺ្លម៉ង់លោកស្រី អានជេឡា មែរកែល ( Angela Merkel ) តាមទូរស័ព្ទ ។

សេចក្តីថ្លែងការណ៍និយាយថា នៅក្នុងការសន្ទនាគ្នា ដែលបានផ្តួចផ្តើមដោយប្រទេសអាល្លឺម៉ង់នោះ លោក ពូទីន បាននិយាយថា សកម្មភាពរបស់ប្រទេសអ៊ុយក្រែន គឺជាការរំលោភមួយដល់បទដ្ឋានច្បាប់អន្តរជាតិដែលធ្វើឡើងដោយនាវាចម្បាំងរបស់ខ្លួន ។

ប្រធានាធិបតីរុស្ស៊ី ក៏បានសំដែងការព្រួយបារម្ភរបស់លោកផងដែរ លើការសម្រេចរបស់ក្រុងគៀវ ក្នុងការនាំយកកងកម្លាំងយោធា របស់ខ្លួនឱ្យត្រៀមខ្លួនប្រយុទ្ធយ៉ាងពេញលេញ ហើយនឹងការប្រកាសច្បាប់អាជ្ញាសឹក ។
សេចក្តីថ្លែងការណ៍បាននិយាយថា វាបានបញ្ជាក់ឱ្យឃើញថា ថ្នាក់ដឹកនាំអ៊ុយក្រែន នឹងទទួលខុសត្រូវទាំងស្រុងចំពោះការបង្កើតស្ថានការណ៍ជម្លោះមួយទៀត ហើយនឹងគ្រោះថ្នាក់ដែលមានជាប់ទាក់ទង ។
សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា លោក ពូទីន ក៏បានសំដែងនូវសេចក្តីសង្ឃឹមផងដែរថា ក្រុងប៊ែរឡាំង នឹងមានឥទ្ធិពលលើពួកអាជ្ញាធរអ៊ុយក្រែន ហើយនឹងទប់ពួកគេកុំឱ្យធ្វើការសម្រេចចិត្តដោយប្រញាប់ប់ប្រញាល់ថែមទៀត ។

សភាអ៊ុយក្រែនកាលពីថ្ងៃចន្ទ បានគាំទ្រគម្រោងច្បាប់មួយដែលដាក់ច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ខ្លះ របស់ប្រទេសសម្រាប់ពេល៣០ ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃពុធនេះ ទៅនៅម៉ោង ៩ព្រឹកម៉ោងក្នុងស្រុក ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )