ព្រឹទ្ធសភាកំណត់យកថ្ងៃទី២៩ ខែវិច្ឆិកាពិនិត្យឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា៖​

ព្រឹទ្ធសភាកំណត់យកថ្ងៃទី២៩ខែវិច្ឆិកា ពិនិត្យឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ដើម្បីបើកផ្លូវឲ្យរាជរដ្ឋាភិបាលយកច្បាប់នេះយកទៅអនុវត្ដក្នុងការអភិវឌ្ឍប្រទេសជាតិ ។


ក្នុងកិច្ចប្រជុំគណ:កម្មាធិការ អចិន្ត្រៃព្រឹទ្ធសភា ដឹកនាំដោយ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ ឯកឧត្តម ម៉ម ប៊ុន នាង សមាជិកអចិន្ត្រៃយ៍ព្រឹទ្ធសភាបានមានប្រសាសន៍ថា កិច្ចប្រជុំពេញអង្គព្រឹទ្ធសភា ដើម្បីពិនិត្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខនេះ។


ឯកឧត្តមបន្តថា សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩នេះ គឺមានមានគោលដៅគាំទ្រការអនុវត្ដកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងវិធានការកែទម្រង់ជាក់ស្ដែងដែលត្រូវអនុវត្ដនៅក្នុងឆ្នាំ២០១៩នេះ ដើម្បីឆ្លើយតបតាមសូមណូមពរ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានឲ្យដឹងថា ក្រៅពីសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និងពិនិត្យ និងឲ្យយោបល់លើកសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី បត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៉ី នៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤៕