សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះ សំណាលជាមួយកម្មករ កម្មការិនីជិត១៨.០០០នាក់នៅខេត្តកណ្តាល

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​៖

នៅព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា បានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន១៧,៩១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តក ណ្តាល។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រោង ចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ ត្រូវបានវិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន១០ និងកម្ពុជាចំនួន២។ រោងចក្រទាំងនេះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៥, ផលិតស្បែកជើងចំនួន១, ផលិតបាតស្បែកជើងចំនួន១, បោះពុម្ពលើសម្លៀកបំពាក់ចំនួន២, ផលិតដែកសំណង់ចំនួន១ និងផលិតបារីចំនួន២។   

នេះជាជំនួបលើកទី៨ ដែលសម្តេចតេជោជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោ ជិតនៅខេត្តតាកែវនេះ ហើយក៏ជាជំនួបលើកទី៥៩ គិតចាប់ តាំងពីថ្ងៃទី ២០ខែសីហាឆ្នាំ ២០១៧មក ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានជួបជាមួយកម្មករ កម្មការិនី ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ដែលមានអ្នកចូលរួមសរុបជាង ៨៤ម៉ឺននាក់ ។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា បច្ចុប្បន្នខេត្ត កណ្តាលមានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន៤៦៤ មានកម្មករនិយោជិតចំនួន ១៥៥,១៣៨នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ៣៧២លានដុល្លារ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងចំនួន១៧០ មានកម្មករ និយោជិតចំនួន ១៣៧,៦៦៤នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៣៣០លានដុល្លារក្នុងមួយឆ្នាំ។

ឯកឧត្តម អ៉ិត សំហេង បានចាត់ទុកវត្តមានរោងចក្រ សហគ្រាស នៅក្នុងខេត្តតាកែវ គឺជា ជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា តាមរយៈជំនួបជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោ បាយជាផលប្រយោជន៍ជាច្រើនសម្រាប់កម្មករ កម្មការិនី ហើយបញ្ហាមួយចំនួនដែលប្រឈមសម្រាប់ការរស់នៅរបស់កម្មករ កម្មការិនី ក៏ត្រូវបានដោះស្រាយជាបន្តបន្ទាប់ផងដែរ។