កម្ពុជា-ថៃ ប្តេជ្ញារួមគ្នាបើកដំណើរការដឹកជញ្ចូនផ្លូវដែកនៅចុងឆ្នាំ២០១៨

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ធីណា ឌីណេ ៖ 

រាជរដ្ឋាភិបាលកម្ពុជា-ថៃ ប្តេជ្ញា នឹងបើកកំណើរការ ដឹកជញ្ជូនផ្លូវដែកឆ្លងដែនរួមគ្នាអោយបាននៅចុងឆ្នាំ២០១៨នេះ ដើម្បីធានាភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ និងមនុស្សរវាងប្រទេសទាំងពីរ ទៅប្រទេសមួយចំនួនទៀត នៅក្នុងតំបន់អាស៊ាន។ 

 ឯកឧត្តម លី បូរិន អ្នកនាំពាក្យក្រសួងសាធរណការនិងដឹកជញ្ជូន មានប្រសាសន៍ប្រាប់វិទ្យុ ជាតិកម្ពុជាថា ផ្លូវដែកនៃប្រទេសទាំងពីបានតភ្ជាប់គ្នារួចរាល់ហើយ ប៉ុន្តែនៅរងចាំការចុះកិច្ចសន្យាជាមួយភាគីថៃ ដើម្បីអាចឈានទៅបើកដំណើរការដឹកជញ្ជូនផ្លូវដែកឆ្លងដែននេះបាន។

ឯ.ឧបានអោយដឹងទៀតថា ខាងភាគគីកម្ពុជាបានរៀបចំកិច្ចព្រមព្រៀមរបស់ខ្លួនរួចរាល់ហើយ តាម រយៈឆ្លងកាត់គណៈរដ្ឋមន្រ្តី នឹងក្រសួងការបរទេស ប៉ុន្តែខាងភាគីថៃវិញមានភាពយឺតយ៉ាវ ។តែទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរនិងជំរុញចុះហត្ថលេខារួមអោយបាននៅពេលឆាប់ៗនេះ នឹងបើក សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ។

 ឯកឧត្តមបានបន្ថែមទៀតថា គម្រោងដឹកជញ្ជូនផ្លួវដែករួមគ្នារវាងកម្ពុជា-ថៃ មានផលចំនេញច្រើនដល់ផ្នែកសេដ្ឋកិច្ច ជាពិសេសងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ របស់ប្រជាពលរដ្ឋពីភ្នំពេញទៅព្រំដែនកម្ពុជា-ថៃ ផ្ទុកទំនិញបានច្រើន ហើយមានតម្លៃថោកផងដែរ។ 

 សូមបញ្ជាក់ថា មកដល់ពេលនេះផ្លូវដែកកម្ពុជា ពីភ្នំពេញទៅបោយប៉ែត បានបើកដំណើការ សាកល្បងដឹកប្រជាពលរដ្ឋរួចហើយ ប៉ុន្តែមិនទាន់ដឹកទំនិញនោះទេ ដោយសារតែរងចាំកិច្ចព្រមព្រៀងជាមួយភាគីប្រទេសថៃ៕