កម្ពុជា និងឡាវ ពង្រឹងកិច្ចសហប្រតិបត្តិ​ល្អលើគ្រប់វិស័យទាំងបច្ចុប្បន្ន និងអនាគត

វិទ្យុជាតិកម្ពុជា ៖ ដោយលោកចេម ហួត 

ភ្នំពេញ៖ កម្ពុជា និងឡាវ ពង្រឹងកិច្ចសហប្រតិបត្តិ​ល្អលើគ្រប់វិស័យទាំងបច្ចុប្បន្ន និងអនាគតដើម្បី​​ទទួល​បានផលប្រយោជន៍ថ្មីៗនិងធំៗទៀតសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ។

ឯកឧត្តម Amphay KINDAVONG ​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ប្រចាំព្រះរាជា​​ណាចក្រកម្ពុ​ជា បានមានប្រសាសន៍ ប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចស​​ហប្រ​តិបត្តិការល្អ​​លើ​​វិស័យទេសចរណ៍ និងវិនិយោគ ក្នុងនាមជាប្រទេសដែលមាន​​ភូមិផង​របងជាប់មួយគ្នា។

ក្នុងឱកាសដែលសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាអនុញ្ញាតិឲ្យ ចូលជួប​​សម្តែង​​ការគួរសម នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ នៅ​​វិមានព្រឹទ្ធសភា ឯកឧត្តម អែម ផៃ គីនដាវង្ស​ បានបន្តទៀតថា ភាគីឡាវបានត្រៀម​​លក្ខណៈរួច​ជាស្រេច ដើម្បីត្រៀមរៀបចំទទួល​ដំណើរ​​ទស្សនកិច្ចជា​​ផ្លូវ​​​ការរបស់សម្តេច​​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅ​សាធារណរដ្ឋ​ប្រ​ជាធិបតេយ្យ​ប្រជា​មានិតឡាវ នៅដើមខែ​ធ្នូ​ខាង​មុខនេះ។ តាមរយៈដំណើរទស្សន​​កិច្ចនេះ ឯកឧត្តមសង្ឃឹមថា នឹង​មានកិច្ចសហប្រតិបត្តការ​​រវាងរដ្ឋាភិបាល និងប្រជាជន​នៃប្រទេសទាំងពីរកាន់​​តែប្រសើរឡើង​ថែមទៀត​។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាមាន​ប្រសាសន៍ថាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះ​រាជា​ណា​ចក្រកម្ពុជា ត្រៀមខ្លួន​​ជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹង ភាគីឡាវ ជាពិសេស ស្ថាន​​ទូត​​ឡាវ​​ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ទាំងវិស័យការទូត សេដ្ឋកិច្ច និងសង្គមកិច្ច។

សម្តេចប្រធានព្រឹទ្ធសភា សង្ឃឹមថា ឯកអគ្គរដ្ឋទូតឡាវថ្មី នឹងខិតខំរួមចំណែក​​ពង្រឹង​​ពង្រីក​​ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិកា​ររវាងប្រជាជន និងប្រទេសទាំង​​ពីរ​ឱ្យ​​​​កាន់តែល្អប្រសើ​​រឡើងថែមទៀត ។ ជាមួយគ្នានេះដែរ ក្នុងក្របខ័ណ្ឌស្ថាប័ននីតិ​​ប្បញ្ញត្តិ កម្ពុជា-ឡាវ ក៏មានកិច្ចសហប្រតិ​​បត្តិការល្អ​គួរជាទីមោទនៈ ដោយបានធ្វើការ​ផ្លាស់ប្តូរ​​ទស្សនកិច្ច​ទៅ​​វិញ​ទៅ​មកជាញឹកញាប់ ការចូលរួម​ប្រជុំទៀង​​ទាត់រវាងសភា​​ប្រទេសទាំ​ង៣ គឺកម្ពុជា ឡាវ និងវៀត​ណាម​ ដែលហៅកាត់ថា CLV ព្រមទាំងគាំទ្រគ្នា​​លើកិច្ច​សហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌ AIPA IPU និង APPF៕