ការប្រកួតជើងឯកថ្នាក់ជាតិកីឡាចំបាប់ឆ្នាំ២០១៨ ទាក់ទាញបានកីឡាករ-កីឡាការិនីជាង១០០នាក់ មកពី៨ក្លិប

AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ — ការប្រកួតកីឡាចំបាប់បុរាណ-សម័យ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ បានចាប់​ផ្ដើម ដំណើរការហើយ ដែលរៀបចំដោយសហព័ន្ធកីឡាចំបាប់កម្ពុជា និងមានកីឡាករ-កីឡាការិនី ចូលរួមចំនួន១១៩នាក់មកពី៨ក្លិប នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ។អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា លោក ធិន វិចិត្រ បានឱ្យដឹងថា ក្នុងចំណោម ចំនួន១១៩ នាក់ គឺមានកីឡាការិនី២០នាក់ មកពី៨ក្លិប ដូចជាក្លិបក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, យាយព្រីងមានរិទ្ធិ,  រិទ្ធីសែនខេត្តកំពង់ឆ្នាំង,  ឃ្លាំងមឿងខេត្ត ពោធិ៍សាត់, ខេត្តព្រៃវែង, បារមីម៉ឺនឯក និងក្លិប ប្រយ៉ាបមានរិទ្ធិ។ ចំពោះវិញ្ញាសាដែលដាក់ឱ្យ ប្រកួតមានចំបាប់សម័យនារីលើទម្ងន់៥៣គីឡូក្រាម និងទម្ងន់សេរី ដែល ប្រកួតទាំងចំបាប់ បុរាណ បុរស-នារី, ចំបាប់សម័យសេរី បុរស-នារី និងចំបាប់ក្រិចកូរ៉ូម៉ាំងបុរស និងវិញ្ញាសា មួយចំនួនទៀត សរុប១៨វិញ្ញាសា។អគ្គលេខធិការរូបនេះបញ្ជាក់ថា ការប្រកួតថ្នាក់ជាតិឆ្នាំនេះត្រូវចំណាយអស់៦០លានរៀល ប៉ុន្តែកញ្ចប់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡាទម្លាក់ត្រឹមតែ៣៦លានរៀល ដូច្នេះការ ចំណាយបន្ថែមរៀងរាល់ឆ្នាំបានមកពីលោក Casey Barnett ដែលជាអនុប្រធានសហព័ន្ធជា អ្នកជួយឧបត្ថម្ភជ្រោមជ្រែង។ ជាមួយគ្នានេះ ក្រុមហ៊ុនខ្មែរប៊ែវើរីជីស តាមរយៈលោក Michael Sovann ក៏បានឧបត្ថម្ភភេសជ្ជៈចំនួន៦០កេស និងទឹកបរិសុទ្ធចំនួន ១០កេសដល់ការប្រកួត​ថ្នាក់ជាតិនៅឆ្នាំនេះផងដែរ៕

ដោយ ហេង ណាលីន