រដ្ឋបាលខេត្តកំពត បើកការប្រឡងជ្រើសរើសបញ្ចូលក្របខ័ណ្ឌមន្ត្រីពន្ធធនាគារ

AKP កំពត ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ — រដ្ឋបាលខេត្តកំពត បានបើកការប្រឡងជ្រើសរើសមន្រ្តីបញ្ចូលក្របខ័ណ្ឌពន្ធធនាគារ ក្រសួងមហាផ្ទៃ។ កម្មវិធីការប្រឡងនេះ មានការអញ្ជើញចូលរួមបើកវិញ្ញាសាដោយលោក ជឹង ផល្លាអភិបាលរងខេត្តកំពត ព្រមទាំងមានសមាសភាពគណៈកម្មការរៀបចំការប្រឡង ពីមន្ត្រីសាលាខេត្តពន្ធធនាគារខេត្ត មន្ទីរមុខងារសាធារណៈខេត្តនិងមន្ត្រីនៃក្រសួងមហាផ្ទៃ។

 ការប្រឡងនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺតម្រូវឱ្យបេក្ខជន បំពេញកិច្ចការលើវិញ្ញាសាឯកទេសចំនួនពីរគឺ៖ ១-សម្រាប់បេក្ខជនជាមន្រ្តីប្រតិបត្តិនៅ ពន្ធធនាគារ គឺតម្រូវឱ្យការសរសេរ លើវិញ្ញាសាចំណេះដឹងទូទៅ ចំណេះដឹងលើវិស័យ ពន្ធធនាគារនិងគណិតវិទ្យា និងលើវិញ្ញាសាតែងសេចក្ដី ឬការសរសេរលិខិតរដ្ឋបាល។ ២-សម្រាប់បេក្ខជនជាមន្ត្រីជំនាញឯកទេសតម្រូវឱ្យការសរសេរ លើវិញ្ញាសាចំណេះដឹងទូទៅ ចំណេះដឹងលើវិស័យសិទ្ធមនុស្សនិងពន្ធធនាគារ និងលើវិញ្ញាសាគណិតវិទ្យា។

លោក ជឹង ផល្លា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡង បានរម្លឹកផ្ដាំផ្ញើដល់មន្ត្រីពាក់ព័ន្ធការប្រឡង ពិសេសមេប្រយោគឬអនុរក្សត្រូវយក ចិត្តទុកដាក់រក្សាសណ្ដាប់ធ្នាប់របៀបរៀបរយនិងវិន័យក្នុងពេលប្រឡង ដើម្បីឱ្យការប្រឡង នេះប្រព្រឹត្តទៅទទួលបានលទ្ធផលល្អប្រសើរ រីឯចំណែកបេក្ខជនវិញត្រូវតែគោរពដាច់ខាត តាមបទប្បញ្ញត្តិនៃការប្រឡងហើយក៏ត្រូវប្រមូលស្មារតីបញ្ចេញសមត្ថភាពចំណេះដឹងឱ្យអស់ដែលខ្លួនមាន ដើម្បីទទួលបានលទ្ធផលល្អក្លាយខ្លួនជាមន្ត្រីបម្រើសង្គមជាតិដ៏ល្អផងដែរ។


សូមបញ្ជាក់ថា ការប្រឡងនេះមាន៣បន្ទប់ បេក្ខជនដាក់ពាក្យប្រឡងមានចំនួន៥២នាក់ អវត្តមានមិនបានមកប្រឡងចំនួន៦នាក់។ តម្រូវជ្រើសរើសបញ្ចូលក្នុងក្របខ័ណ្ឌយកតែ ចំនួន៨នាក់ប៉ុណ្ណោះ៕

ដោយ ប្រាក់ លាង