ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសឡាវ កោតសរសើរពីការរីកចម្រើនរបស់ប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ — ឯកឧត្តម Amphay KINDAVONG ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា បានកោតសរសើរពីការរីក ចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។នៅក្នុងជំនួបសម្តែងការគួរសម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅវិមានព្រឹទ្ធសភា ឯកឧត្តម Amphay KINDAVONG ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមា និតឡាវប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានអនុ ញ្ញាតឱ្យចូលជួប និងបានកោតសរសើរវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន យ៉ាងឆាប់រហ័សលើ គ្រប់វិស័យរបស់ប្រទេសកម្ពុជា ដោយសារយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូតសង្ឃឹថា ប្រទេសទាំងពីរនឹងមានទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការល្អលើវិស័យទេសចរណ៍ និងវិនិយោគ ក្នុងនាមជាប្រទេសភូមិផងរបងជាប់គ្នា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ចំពោះវិស័យពាណិជ្ជកម្មនៃប្រទេស ទាំងពីរ មានភាព ប្រហាក់ប្រហែលគ្នា ប៉ុន្តែប្រទេសកម្ពុជាមានការនាំចេញច្រើនជាង ប្រទេសឡាវ ហេតុដូចនេះ ឯកឧត្តមមានបំណងចង់ឈ្វេងយល់អំពីការនាំចេញ របស់ប្រទេសកម្ពុជា ដើម្បីយកទៅផ្សព្វ ផ្សាយនៅប្រទេសឡាវ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ជូនសម្តេចប្រធានព្រឹទ្ធសភាថា ឯកឧត្តមបាន ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចជាផ្លូវការ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅដើមខែធ្នូខាងមុខនេះ។ តាមរយៈ ដំណើរទស្សនកិច្ចនេះ ឯកឧត្តមសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកាន់តែប្រសើរឡើងថែមទៀត។ ក្នុងជំនួបនេះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះឯកឧត្តម Amphay KINDAVONG ដែលត្រូវបានរដ្ឋាភិបាលនៃ សាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជាក់ថា ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងខិតខំរួម ចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេស ទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ សម្តេចប្រធានព្រឹទ្ធសភា បានជម្រាបជូនអំពីការ រីកចម្រើន  និងការទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ក្នុងពេលកន្លងទៅនេះ និងវាយតម្លៃ ខ្ពស់ចំពោះទំនាក់ទំនង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យបាន យ៉ាងល្អ រវាងប្រទេសទាំងពីរកម្ពុជា-ឡាវ។

ជាមួយគ្នានេះដែរ ក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ឡាវ ក៏មានកិច្ច សហប្រតិ បត្តិការល្អគួរជាទីមោទនៈ ដោយបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញ ទៅមកជាញឹកញាប់ ការចូលរួមប្រជុំទៀងទាត់រវាងសភាប្រទេសទាំង៣ (កម្ពុជា ឡាវ និងវៀតណាម CLV) ព្រមទាំងគាំទ្រគ្នាលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌ AIPA IPU និង APPF។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិ ការដ៏ជិតស្និទ្ធជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតឡាវប្រចាំព្រះរាជា ណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងនាំផលប្រយោជន៍ដ៏ ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕

ដោយ ប៉ាល់ សុង