មន្រ្តី​ជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងថា ការរំលោភលើកម្មសិទ្ធិបញ្ញា នៅ​ក្នុងតំបន់​នៅតែមាន​កើតឡើង

AKP សៀមរាប ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ — មន្រ្តី​ជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងថា ការរំលោភលើកម្មសិទ្ធិបញ្ញានៅ​ក្នុងតំបន់​នៅតែមាន​កើតឡើង ដែលទាមទារឱ្យមន្រ្តីគ្រប់គ្រងកម្មសិទ្ធិបញ្ញានៃបណ្តាប្រទេសនៅ ក្នុងតំបន់ជួបពិភាក្សា​គ្នា​ ដើម្បីដាក់ចេញផែនការសកម្មភាពការងារ ដើម្បីធ្វើឱ្យការងារ គ្រប់គ្រងកម្ម សិទ្ធិបញ្ញានៅ​ក្នុង​តំបន់​​មាន​ភាពទូលំទូលាយ និងមានប្រសិទ្ធភាព។ ថ្លែង​បើក​កិច្ចប្រជុំក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ានលើកទី៥៧ នៅ ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨នេះ ឯក​ឧត្តម​ អ៊ុក ប្រជា រដ្ឋលេខាធិ ការក្រសួងពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍ថា កិច្ចប្រជុំនេះ​មន្រ្តី​ជំនាញ​ និង​ពិភាក្សាលម្អិត លើផែនការសកម្មភាព​ការងារកម្មសិទ្ធិបញ្ញាអាស៊ាន២០១៦-២០២៥ ដើម្បី​ពង្រឹង និង​ពង្រីក កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យកម្មសិទ្ធិបញ្ញាឱ្យបានកាន់តែទូលំទូលាយ ថែមទៀតក្នុងគោល ដៅរួមចំណែកក្នុងការជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការអនុវត្តច្បាប់ក្នុងតំបន់ឱ្យ បានកាន់តែប្រសើរឡើង ព្រមទាំងបានផ្តល់ប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក។

ឯកឧត្តមបន្តថា កិច្ច​ប្រ​ជុំ​នេះក្រុម​ការងារសហប្រតិបត្តិការបច្ចេកទេស និងពិភាក្សាដាក់ ចេញជាយន្តការមួយអនុវត្តន៍រួមគ្នា ដើម្បី​ធ្វើ​ការ​គ្រប់​គ្រងកម្មសិទ្ធិបញ្ញាកាន់តែមានប្រសិទ្ធភាព​ ជាពិសេសទៅ ម៉ាក យីហោ ម៉ាកភូមិសាស្រ្តទំនិញនីយបត្រតក្កកម្ម (ប៉ាតង់) កម្មសិទ្ធិនិពន្ធ ជាដើម្បី។

ឯកឧត្តមបាន​បញ្ជាក់ថា បច្ចុប្បន្ននេះបញ្ហាការរំលោភលើកម្មសិទ្ធិបញ្ញា និងបន្លំម៉ាកនៅ​ក្នុងតំបន់​នៅតែមាន​កើតឡើងជាបន្តបន្ទាប់ ដែលបញ្ហានេះទាមទារឱ្យមន្រ្តីគ្រប់គ្រងកម្ម សិទ្ធិបញ្ញា នៃបណ្តាប្រទេសនៅក្នុងតំបន់ជួបពិភាក្សា​គ្នា​ ស្វែងរកវិធីសាស្រ្ត គ្រប់គ្រងកម្មសិទ្ធិ បញ្ញានៅ​ក្នុង​តំបន់​​មាន​ភាពទូលំទូលាយ និងមានប្រសិទ្ធភាព។ឯកឧត្តមបាន​បន្តថា សម្រាប់នៅកម្ពុជាដើម្បីឱ្យការងារគ្រប់គ្រងកម្មសិទ្ធិបញ្ញា មានប្រសិទ្ធភាពខ្ពស់កម្ពុជាបាន​ចុះអនុសញ្ញា និងសិទ្ធិបញ្ញា ការពារម៉ាកជាច្រើននៅក្នុងតំបន់ ជាមួយគ្នានេះសមត្ថកិច្ចពាក់ព័ន្ធបាន​ចុះចាប់ និងដកហូតករណីបន្លំម៉ាក ទំនិញក្លែងក្លាយ ជាច្រើន​ ដើម្បីយកទៅកម្ទេចចោល។

សូមបញ្ជាក់ថា ​កិច្ចប្រជុំក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ាន តែងតែ ធ្វើឡើងក្នុង១ឆ្នាំ៣ដងជាលក្ខណៈប្តូរវេនប្រទេសធ្វើជាម្ចាស់ផ្ទះ ហើយសម្រាប់កិច្ចប្រជុំក្រុម ការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ានលើកទី៥៧នេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលមាន​ការចូលរួមពីមន្រ្តីជំនាញ​នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងអង្គភាពប្រកាស នីយបត្រក្កកម្ម ជប៉ុន កូរ៉េ អឺរ៉ុប និងចក្រភពអង់គ្លេស៕

ដោយ  ឃុត សៅ