ឯកឧត្តម ងួន ញ៉ិល នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិលើកទី២ និងមហាសន្និបាតសភាតំបន់អាស៊ីលើកទី១១ នៅតួកគី

AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ — ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា កម្ពុជាទៅចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី២ និងមហាសន្និបាតសភា តំបន់អាស៊ី (APA)លើកទី១១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងអ៊ីស្តង់ប៊ុលសាធារណរដ្ឋតួកគី ក្រោមប្រធានបទស្តីពីការជំរុញឱ្យមាន ការរីកចម្រើនសេដ្ឋកិច្ចនៅតំបន់អាស៊ី។មហាសន្និបាតនេះមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា បណ្តាប្រទេស ដែលជាសមាជិកសភាតំបន់អាស៊ីចំនួន៤២ប្រទេស គណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេត ការណ៍ចំនួន ១៦ប្រទេស និងអង្គការដៃគូសភាចំនួន ១០។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឱ្យដឹងថា សភា តំបន់អាស៊ី (Asian Parliamentary Asembly) បានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយបានប្តូរ ឈ្មោះមកពីសមាគមសភាអាស៊ីដើម្បីសន្តិភាព (The Association of Asian Parliaments for Peace) ដែលហៅកាត់ថា AAPP បានបង្កើតឡើងកាលពីឆ្នាំ១៩៩៩។

សភាកម្ពុជា ជាប្រទេសស្ថាបនិក AAPPមួយដែរ។ បន្តបេសកកម្មពី AAPP, APA មានបេសកកម្ម និងគោលបំណងជំរុញនូវសុខសន្តិភាព និងសមាហរណកម្មសម្រាប់តំបន់អាស៊ីទាំងមូលតាម យន្តការសភា។

សូមបញ្ជាក់ថា សភានៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះនៃមហា សន្និបាតសភាតំបន់អាស៊ីចំនួន២ឆ្នាំជាប់គ្នា គឺមហាសន្និបាតសភាតំបន់អាស៊ីលើកទី៨ ក្នុងឆ្នាំ២០១៥ និងលើកទី១៩ ក្នុងឆ្នាំ២០១៦៕

ដោយ ប៉ាល់ សុង