ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា ជំរុញឲ្យសមាជិកសមាជិកាបន្តចុះជួយកិច្ចការងារសង្គម

វិទ្យុជាតិកម្ពុជា ៖ អត្ថបទលោក អ៊ឹម ភិរក្សនារីរតនៈ និងសម្រួលដោយលោកវ៉ាងភក្តី

ភ្នំពេញ ៖ ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា បានជំរុញឲ្យសមាជិកសមាជិកានៅទូទាំង​ប្រទេសពង្រឹងសមត្ថភាព​បន្ថែមទៀត និងបន្តចុះជួយកិច្ចការងារសង្គម ដើម្បីផ្តល់ឱកាស និងលទ្ធភាពចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស និង​សង្គម​ជាតិ ឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

ថ្លែងនៅក្នុងមហាសន្និបាតលើកទី៤ របស់សហភាពសហព័ន្ឋយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែវិច្ចកានេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា សមាជិកសមាជិកាទាំងអស់ ត្រូវពង្រឹងសមត្ថភាព និងបន្តចុះជួយកិច្ចការងារសង្គម មានដូចជា ការងារមនុស្សធម៌ ការជួយបរិច្ចាគឈាម ការងារចុះជួយពិនិត្យ​​សុខភាពជនក្រីក្រ ជួយចាស់ជរា និងការជួយបណ្តុះបណ្តាលកុមារនៅតាមសហគមន៍ និងការងារជាច្រើនទៀត ។

ឯកឧត្តម មានប្រសាសន៍ថា កាលកន្លងមកដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលសមិទ្ធផលជាច្រើនដូចជា៖ ការបំបែកកំណត់ត្រាឯគ្គទត្តកម្មពិភពលោក នំអន្សមយក្ស រាំម៉ាឌីហ្សុន ក្រមាវែងជាងគេ និងទូកងវែងជាងគេ ដែលនេះជាកិច្ចការងាររបស់សហភាពសហព័ន្ឋយុវជនកម្ពុជាបានខិតខំកន្លងមក ហើយទាមទារឲ្យសមាជិកសមាជិកានៅទូទាំងប្រទេស ចូលរួមផ្សព្វផ្សាយសកម្មភាពនានាបន្តទៀត។

សម្លេង ៖ យើងខំប្រឹងប្រែងធ្វើសកម្មភាពទោះបីមានការវាយតំលៃខុសៗគ្នា តែដើម្បីនាំមកនៅមោទនភាពប្រទេស​ជាតិរបស់យើង​សំខាន់ជាងគេគឺយកទង់ជាតិរបស់យើងទៅគ្រវីនៅលើឆាកអន្តរជាតិ​មិនថាជាកម្មវិធីបំបែក​ឯគ្គទត្តកម្មលើពិ​ភពលោក ឬក៏ការងារមនុស្សធម៌ផ្សេងៗ ឬក៏ការងារអប់រំតាមរយៈការប្រវត្តិសាស្រ្តទេ ហើយលើសពីនោះ​ថែម​ទៀតមានវគ្គបំប៉នថ្នាក់ទី១២។ តាមពិតទៅយើងបានថ្លែងអំណរអរគុណ លោកគ្រូអ្នកគ្រូហើយ ទោះបីតិច ឬក៏ច្រើន គឺយើងបង្កើននៅវគ្គបំប៉ននេះយុវជន ។

សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំមហាសន្និបាត លើកទី៤ របស់ខ្លួន រយៈពេល២ថ្ងៃនៅក្នុងរាជធានីភ្នំពេញ ដោយប្រមូលសមាជិក សមាជិកានៅទូទាំងប្រទេស ដើម្បីបូកសរុបការងារឆ្នាំ២០១២-២០១៨ និងទិសដៅការងារឆ្នាំ២០១៨-២០២០ ព្រមទាំងការបោះឆ្នោតជ្រើសតាំងសមាជិក និងការអនុម័តលើការកែប្រែលក្ខន្តិកៈ​ក្នុងស្ថាប័នរបស់ខ្លួនផងដែរ។

មហាសន្និបាតដ៏ធំរបស់ក្រុមយុវជនកម្ពុជានេះ បានទទួលការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់ពិធីបិទមហាសន្និបាតរបស់ខ្លួន នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា៕