ប្រជាសហគមន៍ក្នុងដែនជម្រកសត្វព្រៃបឹងពែរ បានទទួលពូជសត្វ និងសម្ភារៈកសិកម្ម ពីគម្រោងរបស់ក្រសួងបរិស្ថាន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេង គ្រី៖

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទ២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញជា អធិបតីភាព ក្នុងពិធីប្រគល់ជ្រូក មាន់ និងសម្ភារៈចិញ្ចឹមសត្វ ដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ«ភ្នំប្រង់» ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ភូមិសាស្រ្តខេត្តកំពង់ធំ។

ក្រសួងបរិស្ថានបានអោយដឹងថា ប្រជាពលរដ្ឋចំនួន ២៩ គ្រួសារ ស្ថិតក្នុងភូមិអូរអង្គរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ បានទទួលពូជសត្វចិញ្ចឹម និងសម្ភារៈកសិកម្ម ពីគណៈអធិបតី និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្ដីនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធានមន្ទីរបរិស្ថានខេត្ត តំណាងគណៈអភិបាលស្រុក អាជ្ញាធរពាក់ព័ន្ធ មន្រ្តីឧទ្យានុរក្ស និងប្រជាសហគមន៍តំបន់ការពារធម្មជាតិ «ភ្នំប្រង់» សរុប ៨៨នាក់។

នេះជាលើកទី៩ហើយដែលក្រសួងបរិស្ថានបានចែកគោ ជ្រូក និងមាន់ដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ ក្នុងចំណោមសហគមន៍តំបន់ការពារធម្មជាតិទាំង ១០សម្រាប់ ថវិកាក្នុងឆ្នាំ២០១៨ នៃម្រោងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ការពារធម្មជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ឱ្យសហគមន៍ តាមរយៈ ស្មារតីនៃអង្គវេទិកាស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមអធិបតីភាពសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦៕