ក្រសួងសុខាភិបាលព្រមានពីគ្រោះថ្នាក់ចំពោះការប្រើថ្នាំផ្សះនៅពេលក្តៅខ្លួន ផ្តាសាយ ឈឺក្បាល រាក របួសតិចតួច

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត
ភ្នំពេញ៖លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលនិងជាប្រធានក្រុមការងា របច្ចេកទេសប្រយុទ្ធប្រឆាំង​​នឹងភាពស៊ាំនឹងថ្នាំបានហាមមិនឲ្យប្រជាពលរដ្ឋប្រើថ្នាំផ្សះឬថ្នាំអង់ទីប៊ីយ៉ូទីកក្នុងការព្យាបាលជំងឺស្រាលៗធម្មតាដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ ដោយសារតែមានភាពស៊ាំថ្នាំ ហើប៉ះពាល់ដល់មុខងារថ្លើម​​និងតម្រងនោមរបស់អ្នកជំងឺជាដើម។

លោកវេជ្ជបណ្ឌិតបានណែនាំប្រជាពលរដ្ឋមិនត្រូវប្រើឱសថសំលាប់មេរោគឬថ្នាំផ្សះក្នុងករណីអ្នកជំងឺមានអាការៈក្តៅខ្លួន ផ្តាសាយ ឈឺក្បាល រាក របួសតិចតួចនិងលេបបង្ការចំលងរោគឡើយ។
ថ្លែងនៅក្នុងទិវា​​សប្ដាហ៍​​ប្រឆាំង​នឹងភាពស៊ាំរបស់ឱសថទៅនឹងមេរោគ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានមានប្រសាសន៍ថាការប្រើប្រាស់ថ្នាំផ្សះមិនបានត្រឹមត្រូវធ្វើឲ្យអ្នកជំងឺមានភាពស៊ាំថ្នាំបណ្តាលឲ្យព្យាបាលមិនងាយជា និងអស់ថវិកាច្រើនព្រមទាំងបង្កអោយអ្នកជំងឺបាត់បង់ជីវិតផងដែរដោយសារមិនអាចសំលាប់មេរោគបានព្រោះថា បាក់តេរីដែលធ្លាប់ប៉ះជាមួយនឹងថ្នាំផ្សះនៅក្នុងបរិមាណតិចតួច ឬកម្រិតទាបតែងតែវិវត្តន៍ទៅជាបាក់តេរីស៊ាំនឹងថ្នាំហើយភាពស៊ាំបន្តិចម្តងៗ ធ្វើឲ្យបាក់តេរីទាំងនោះខ្លាំងឡើងៗ។
លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ បានណែនាំដល់អ្នកជំងឺមិនត្រូវប្រើថ្នាំសំលាប់មេរោគដោយគ្មានវេជ្ជបញ្ជារនិងមិនត្រូវផ្សំថ្នាំនៅតាមឱសថស្ថានឬកន្លែងលក់ថ្នាំដើម្បីព្យាបាលខ្លួនឯងឡើយ។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋគួរជ្រើសយកវិធីព្យាបាលតាមរយៈការហាត់ប្រាណ ការបរិភោគអាហារឲ្យត្រឹមត្រូវ ប្រើថ្នាំបញ្ចុះកំដៅ ឬញ៉ាំទឹកឲ្យបានច្រើននិងហូបអាហារបំប៉នក្នុងការព្យាបាលជំងឺស្រាលៗធម្មតាហើយក្នុងករណីចាំបាច់ត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីពិនិត្យនិងព្យាបាលជំងឺឲ្យបានទាន់ពេលវេលា។
យោងតាមតួលេខរបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថាមានមនុស្សប្រមាណ ៧០ម៉ឺននាក់នៅទូទាំងពិភ ពលោកបានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែការឆ្លងជំងឺដែលមានមេរោគស៊ាំទៅនឹងថ្នាំផ្សះ។ នៅឆ្នាំ២០៥០ខាងមុខនេះ ចំនួនអ្នកស្លាប់ដោយសារបញ្ហានេះនឹងកើនឡើងដល់១០លាននាក់ក្នុងមួយឆ្នាំ។ក្នុងនោះការប្រើប្រាស់ថ្នាំផ្សះដោយមិនមានការត្រួតពិនិត្យត្រឹមត្រូវនឹងរួមចំណែកបង្កឲ្យភាពស៊ាំថ្នាំផ្សះហើយនឹងក្លាយទៅជាវិបត្តិសុខភាពសាកល៕