កងកម្លាំងអ៊ីរ៉ាក់បើកប្រតិបត្តិការប្រឆាំង IS នៅឌីយ៉ាឡា

AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា  ឆ្នាំ២០១៨ — ប្រភពសន្តិសុខថ្នាក់ខេត្តមួយបាននិយាយថា កងកម្លាំងអ៊ីរ៉ាក់កាលពីថ្ងៃចន្ទបានបើកធ្វើប្រតិបត្តិការយោធាច្រើន ដើម្បីតាមដានពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ( IS )ក្នុងតំបន់នានា ក្នុងខេត្តឌីយ៉ាឡាប្រទេស អ៊ីរ៉ាក់ភាគខាងកើត ។

ឧត្តមសេនីយ៍ឯក  Mizher al-Azawy មេបញ្ជាការប្រតិបត្តិការឌីយ៉ាឡា បានប្រាប់ទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួថា កងកម្លាំងរួមមកពីកងទ័ពនិងប៉ូលិសអ៊ីរ៉ាក់ ដែលគាំទ្រដោយយន្តហោះបានចាប់ ផ្តើមធ្វើ ប្រតិបត្តិការយ៉ាច្រើននៅថ្ងៃនេះ ដើម្បីប្រមាញ់ពួកសកម្មប្រយុទ្ធ IS នៅក្នុងតំបន់កសិកម្មចំនួន៧ ក្នុងភាគ ពាយ័ព្យរដ្ឋធានីបាគូបាររបស់ឌីយ៉ាឡា ។

លោក Azawy  បាននិយាយថា ប្រតិបត្តិការនេះ មានបំណងបញ្ចប់វត្តមានពួកសកម្មប្រយុទ្ធ IS  ហើយនឹងកំទេចកន្លែងលាក់ខ្លួនរបស់ពួកទាំងនេះ បន្ថែមទៅនឹងការចាប់ខ្លួនជនសង្ស័យ ដែលគេត្រូវការ ចាប់ខ្លួនខ្លះលើការចោទប្រកាន់ឧក្រិដ្ឋកម្មនិងអំពើភេរវកម្ម ។

លោក Azawy បាននិយាយបន្ថែមថា តំបន់ដែលផ្តោតទៅលើរបស់ប្រតិបត្តិការនេះ គឺចម្ការផ្លែឈើ និងកសិដ្ឋានដែលក្រាស់ៗ ដែលអាចឱ្យពួកសកម្មប្រយុទ្ធជ្រុលនិយមលាក់ខ្លួន ។

ទោះបីជាមានប្រតិបត្តិការយោធាផ្ទួនៗគ្នា នៅក្នុងខេត្តឌីយ៉ាឡាក៏ដោយក៏ពួកដែលនៅសេសសល់ នៃពួកសកម្មប្រយុទ្ធ IS  នៅតែកំពុងលាក់ខ្លួននៅឡើយនៅក្នុងតំបន់ដែលរម៉ាំងរម៉ោក ក្បែរព្រំដែនជា មួយប្រទេសអ៊ីរ៉ង់ នឹងនៅក្នុងតំបន់ដែលលាតសន្ធឹងចាប់ពីផ្នែកភាគខាងលិចនៃខេត្តនេះ ទៅដល់តំបន់ភ្នំ Himreen នៅខាងជើងបាគូបា ដែលខ្លួនឯងផ្ទាល់ស្ថិតនៅចម្ងាយប្រហែល៦៥ គីឡូម៉ែត្រភាគឦសានរដ្ឋធានីបាក់ដាតរបស់អ៊ីរ៉ាក់ ។

កាលពីថ្ងៃទី៩ខែធ្នូឆ្នាំ ២០១៧ អ៊ីរ៉ាក់បានប្រកាសជាផ្លូវកាការរំដោះបានទឹកដីរបស់ខ្លួនទាំងស្រុង ពីពួកសកម្មប្រយុទ្ធ IS  បន្ទាប់ពីកងកម្លាំង អ៊ីរ៉ាក់ចាប់យកបានមកវិញតំបន់ទាំងអស់ ដែលមានម្តងនោះ ត្រូវបានរឹបអូសយកដោយក្រុមនិយមជ្រុលនេះ ។

តែយ៉ាងណាក៏ដោយក្រុមនិងបុគ្គល IS  មួយចំនួនបានប្រមូលផ្តុំគ្នាឡើងវិញនៅក្នុងវាលខ្សាច់ និងតំបន់រម៉ាំងរម៉ោក ព្រមទាំងកំពុងធ្វើការវាយប្រហារលើកងកម្លាំងសន្តិសុខ និងពួកជនស៊ីវិលទោះបីជា មានប្រតិបត្តិការយូរៗម្តង ដើម្បីតាមប្រមាញ់ពួកគេក៏ដោយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)