កងទ័ពអាហ្វហ្កានីស្ថានកម្ទេចចោលជាតិណាកូទិច៧២តោនក្នុងខេត្តភាគខាងកើត

AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ — ក្រសួងមហាផ្ទៃប្រទេសនេះបាននិយាយពីថ្ងៃចន្ទនេះថា កងកម្លាំងសន្តិសុខអាហ្វហ្កានីស្ថានបានធ្វើប្រតិបត្តិការប្រឆាំងគ្រឿងញៀនមួយ ព្រមទាំងបានកម្ទេចចោលជាតិណាកូទិចមួយចំនួនធំនៅក្នុងខេត្ត       ប៉ាក់ទីយ៉ាភាគខាងកើតកាលពីយប់កន្លងទៅ ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ូលិសប្រឆាំងជាតិណាកូទិចអាហ្វហ្កានីស្ថាន ( CNPA )  ព្រមទាំងកងកម្លាំងអាកាសអាហ្វហ្កានីស្ថានបានធ្វើប្រតិបត្តិការពិសេសមួយនៅក្នុងតំបន់​Gul-e-Surkh ស្រុក  Jaji Aruob នៃខេត្តប៉ាក់ទីយ៉ា កាលពីយប់ថ្ងៃអាទិត្យដោយកម្ទេចគ្រឿងញៀនជាង ៧២តោន ។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា ការកម្ទេចចោលគ្រឿងញៀននេះគឺជាបរាជ័យដ៏ធ្ងប់ធ្ងរមួយ សម្រាប់ពួកឧទ្ទាម នឹងពួកសកម្មប្រយុទ្ធប្រឆាំងរដ្ឋាភិបាល ព្រោះពួកគេបាននឹងកំពុងប្រើប្រាស់ប្រាក់កម្រៃពីគ្រឿងញៀនខុសច្បាប់នេះ ដើម្បីផ្តល់មូលនិធិដល់ឧទ្ទាមកម្ម ។

តាមសេចក្តីថ្លែងការណ៍ឱ្យដឹងថា កងកម្លាំង CNPA ក៏បានចាប់ខ្លួនមនុស្សសង្ស័យចំនួន៥នាក់ផង     ដែរ ព្រមទាំងរឹបអូសយកបានគ្រឿងអាវុធ ២៦ដើម , វិទ្យុទាក់ទង៩គ្រឿង, គ្រាប់កាំភ្លើង ១៨.០០០គ្រាប់ ព្រមជាមួយគ្រាប់​រំសេវ បន្ទាប់ពីការវាយឆ្មក់នៅក្នុងខេត្តនេះ ដែលស្ថិតនៅចម្ងាយ ១០០ គីឡូម៉ែត្រខាងត្បូងក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្កានីស្ថាន​៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )