ពួកអ្នកជំនាញការពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចចិន  -EU  នៅឯកិច្ចប្រជុំកំពូលហាមបឺក

AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ — ពួកអ្នកធ្វើនយោបាយ, សហគ្រិន និងពួកអ្នកប្រាជ្ញ មកពីប្រទេសចិន និង អឺរ៉ុប បានប្រមូលផ្តុំគ្នាក្នុងទីក្រុងហាមបឺក ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ដើម្បីធ្វើសន្និសីទដែលមានទ្រង់ទ្រាយខ្ពស់មួយ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច អន្តរជាតិប្រឆាំងនឹងព្រឹត្តិការណ៍នៃលទ្ធិការពារទំនិញក្នុងស្រុកដែលកើនឡើង។

កិច្ចប្រជុំកំពូលហាមបឺក លើកទី៨ « China Meets Europe » ត្រូវបានគេគ្រោងធ្វើពីថ្ងៃចន្ទដល់ថ្ងៃអង្គារនេះ ។ ពួកអ្នកចូលរួមនឹងពិភាក្សាគ្នានូវប្រធានបទដូចជាភូមិសាស្ត្រនយោបាយ , សេដ្ឋកិច្ចពិភពលោក , ការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់ និងផ្លូវ , ការប្រកួតប្រជែងដែលបង្ហាញដោយការធ្វើឌីជីថល ភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត ព្រមទាំងការអភិវឌ្ឍដែលមាននិរន្តរភាព ។

ដោយថ្លែងសុន្ទរកថាបើកនៅឯសន្និសីទនោះលោក Gerhard Schroeder អតីតអធិការបតីសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ នឹងជាប្រធានកិត្តិយស នៃកិច្ចប្រជុំកំពូលហាមបឺក បានអំពាវនាវនាវដល់ប្រទេសចិន , EU និង អាល្លឺម៉ង់ឱ្យធ្វើការជាមួយគ្នាក្នុងអំឡុងពេលដ៏ធំបំផុតមួយ នៃភាពមិនច្បាស់លាស់ជាសកលនេះ ។

លោកបាននិយាយថា ប្រទេសអាល្លឺម៉ង់គឺជាដៃគូយ៉ាងសំខាន់មួយក្នុងអឺរ៉ុប សម្រាប់ប្រទេសចិន ហើយថា ទំនាក់ទំនងយ៉ាងរឹងមាំមួយរវាងប្រទេសទាំងពីរ អាចជួយពង្រឹងដល់លទ្ធិពហុភាគីនិយម ព្រមទាំងបញ្ចៀសនូវការគំរាមកំហែងថ្មី ។

លោក Li Yizhong  ប្រធានសហព័ន្ធ សេដ្ឋកិច្ចឧស្សាហកម្មចិន បានអំពាវនាវដល់ចិន និង​EU  ឱ្យ ប្រកាន់ខ្ជាប់ការបញ្ចូលរបៀបថ្មីដោយចំហ  ។

លោក Li បានអំពាវនាវដល់ EU  និងចិនឱ្យ បង្កើនការ សម្របសម្រួលគ្នានៅក្នុងវិស័យដូចជាអេឡិចត្រូនិច, លំហអាកាស, វិទ្យាសាស្ត្រនៃការរស់នៅ ហើយនឹងសេដ្ឋកិច្ចឌីជីថល ដោយលោកនិយាយបន្ថែមថា សេដ្ឋកិច្ចបង្គ្រប់បន្ថែមយ៉ាងសំខាន់២ មានទស្សនីយភាពយ៉ាងត្រចះត្រចង់សម្រាប់កិច្ចសហប្រតិបត្តិការ ។

ផ្តួចផ្តើមឡើងដោយសភាពពាណិជ្ជកម្មហាមបឺក ក្នុងឆ្នាំ ២០០៤នោះ កិច្ចប្រជុំកំពូលហាមបឺក ត្រូវ បានគេផ្តោទៅលើកិច្ចសហប្រតិបត្តិការ ចិន  – EU ។  កិច្ចប្រជុំកំពូល ២ ឆ្នាំ ម្តងនឹងធ្វើជាវេទិកាយ៉ាងសំខាន់មួយសម្រាប់ការពិភាក្សាគ្នានូវទំនាក់ទំនងសេដ្ឋកិច្ច ចិន  – EU ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )