ទីក្រុងហូជីមិញចង់បង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ជាមួយអេមីរ៉ាតអារ៉ាប់រួម

AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ — យោងតាមមន្រ្តីពាណិជ្ជកម្មរបស់រដ្ឋបាលទីក្រុងហូជីមិញបានឱ្យដឹងថា ទីក្រុងហូជីមិញចង់ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគជាមួយអេមីរ៉ាតអារ៉ាប់រួម (UAE) ខណៈដែលមានឱកាសច្រើនសម្រាប់ភាគីទាំងពីរដើម្បីធ្វើកិច្ចសហប្រតិបត្តិការ។

លោក Cao Thi Phi Van នាយករងមជ្ឈមណ្ឌលលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្មរបស់ទីក្រុងហូជីមិញ )ITPC) បាននិយាយថា អេមីរ៉ាតអារ៉ាប់រួម កំពុងផ្តោតសំខាន់ទៅលើផែនការរបស់ទីក្រុង ដើម្បីជំរុញពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នប្រទេសនេះស្ថិតនៅលំដាប់ទី ៤៣ ប៉ុណ្ណោះ ក្នុងចំណោមប្រទេសចំនួន ១០០ ដែលបានចុះធ្វើការវិនិយោគទុននៅក្នុងទីក្រុងហូជីមិញ ដោយមានតម្លៃប្រមាណជិត ១០លានដុល្លារអាម៉េរិក លើគម្រោងចំនួន ១១។

លើសពីនេះទៀត ការនាំចេញរបស់ទីក្រុងហូជីមិញទៅកាន់អេមីរ៉ាតអារ៉ាប់រួម មានចំនួនត្រឹមតែ ១ ភាគ ៥ នៃការនាំចេញសរុបរបស់វៀតណាមទៅកាន់បរទេសប៉ុណ្ណោះ។

ដើម្បីពង្រីកការចូលទៅកាន់ទីផ្សារនេះ ITPC បានរៀបចំគណៈប្រតិភូពាណិជ្ជកម្មចំនួនពីរ ដែលដឹកនាំដោយប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោក Nguyen Thanh Phong ទៅធ្វើទស្សនកិច្ចនៅប្រទេសមជ្ឈិមបូព៌ានេះ កាលពីខែកុម្ភៈ និងតុលាឆ្នាំនេះ។

យោងតាមអនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានឱ្យដឹងថា ទីក្រុង     ហូជីមិញ មានគុណសម្បត្តិជាច្រើនសម្រាប់អាជីវកម្មរបស់ទីក្រុងនេះ នៅពេលដែលចូលទៅក្នុងទីផ្សារ        អារ៉ាប់រួម ខណៈដែលប្រទេសកំពុងធ្វើការសម្របសម្រួលពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនបរទេស តាមរយៈការបើកព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្ម និងលើកទឹកចិត្តពួកគេឱ្យបើកការិយាល័យតំណាងនៅក្នុងទីក្រុង។

លោក Ashraf A. Mahah ប្រធានសេដ្ឋកិច្ចវិទូសម្រាប់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងទីផ្សារនាំចេញ នៃផ្នែកនាំចេញរបស់ឌូបៃបាននិយាយថា អារ៉ាប់រួម គឺជាទីផ្សារដែលមានសក្តានុពលដ៏ធំធេងសម្រាប់ក្រុមហ៊ុន        វៀតណាម ដោយលោកបានលើកឡើងពីឧទាហរណ៍នៃក្រុមហ៊ុនអារ៉ាប់រួមមួយដែលបានទិញយកផល សណ្តែករបស់វៀតណាមដល់ទៅ ២០ភាគរយយកទៅលក់។ ដូច្នេះក្រុមហ៊ុនវៀតណាមគួរបង្កើនការលើកកម្ពស់ពាណិជ្ជកម្ម និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារនេះ៕

(ប្រភព VNAបកប្រែដោយលោក យា ចិន្តាខន្តី)