ពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងអាស៊ានទំនងជាឈានដល់ តម្លៃ ១៦០ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០១៨ AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨

ពាណិជ្ជកម្មទ្វេភាគីរវាងកូរ៉េខាងត្បូង និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន ( ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់តម្លៃ ១៦០ប៊ីលានដុល្លារអាម៉េរិក នៅក្នុងឆ្នាំនេះ ខណៈដែលទីក្រុងសេអ៊ូលស្វែងរកការជំរុញទំនាក់ទំនងជាមួយតំបន់ដែលមានសមាជិក ១០ប្រទេសនេះ។

លោក Kim Yong-beom អនុប្រធានគណៈកម្មការសេវាកម្មហិរញ្ញវត្ថុ(FSC) បានបង្ហាញតួលេខនេះនៅឯកិច្ចប្រជុំប្រចាំឆ្នាំមួយជាមួយឯកអគ្គរដ្ឋទូតមកពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ និងប្រទេសឥណ្ឌា។

នៅក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីរវាងកូរ៉េខាងត្បូង និងអាស៊ាន បានកើនឡើងដល់ ១៣២,១ប៊ីលានដុល្លារអាម៉េរិក ពោលគឺកើនឡើងបាន ៧,៦ភាគរយក្នុងសន្ទស្សន៍ប្រចាំឆ្នាំ។

លោកបាននិយាយថា បណ្តាក្រុមហ៊ុនហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងត្រូវបានគេរំពឹងថា នឹងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។

លោក Kim បាននិយាយថា សាខារបស់ក្រុមហ៊ុនហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងនៅអាស៊ាន និងឥណ្ឌា មានចំនួន ១៦២សាខា។ លោកបាននិយាយបន្តថា រំហូរភ្ញៀវទេសចររវាងភាគីទាំងពីរត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងច្រើនជាង ១០លាននាក់នៅក្នុងឆ្នាំនេះ។

កូរ៉េខាងត្បូងបានស្វែងរកការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំជាមួយអាស៊ាន ក្រោមគោលនយោបាយថ្មីរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងទៅលើប្រទេសចិន។ គោលដៅនៃការបង្កើនពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ២០០ប៊ីលានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ ២០២០។

អាស៊ានដែលមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន         សិង្ហបុរី ថៃ និងវៀតណាម បច្ចុប្បន្នជាអ្នកនាំចូលផលិតផលនាំមុខគេទីពីររបស់ពិភពលោក គឺស្ថិតនៅពីក្រោយប្រទេសចិន៕

(ប្រភព VNAបកប្រែដោយលោក យា ចិន្តាខន្តី)