ក្រសួងបរិស្ថាន ពិភាក្សាលើ ការបង្កើតតំបន់ការពារទេសភាពចំនួន០៤កន្លែង ក្នុងខេត្តកំពត និងផលប៉ះពាល់អវិជ្ជមាននៃការអភិវឌ្ឍស្រែបង្គា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ក្រុមការងារនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប និងនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាបនៃក្រសួងបរិស្ថាន បើកកិច្ចប្រជុំជាមួយ តំណាងមន្ទីរបរិស្ថានខេត្តកំពត មន្ទីរស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងតំណាងអង្គការ IUCN សរុបចំនួន២៣នាក់ ដើម្បីពិភាក្សាលើប្រធានបទចំនួនពីរ៖១. ការបង្កើតតំបន់ការពារទេសភាពចំនួន០៤កន្លែងស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត និង២. ផលប៉ះពាល់អវិជ្ជមាននៃការអភិវឌ្ឍស្រែបង្គា និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាប់ និងក្បែរតំបន់ការពារអន្លង់ព្រីង ភូមិសាស្ត្រខេត្តកំពត។

 កិច្ចប្រជុំនៅសាលប្រជុំសាលាខេត្តកំពត កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឯកភាពយ៉ាងផុលផុសឱ្យពន្លឿនការរៀបចំអនុក្រឹត្យបង្កើតតំបន់ការពារទេសភាពចំនួន ០៤កន្លែង ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត។ 

 

ដោយឡែកចំពោះគម្រោងអភិវឌ្ឍន៍ស្រែបង្គា និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវលំ កិច្ចប្រជុំបានសម្រេចជារួមឱ្យមានការផ្អាកសកម្មភាពទាំងស្រុង និងតម្រូវឱ្យម្ចាស់គម្រោងសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានជាមុន រួចដាក់ជូនក្រសួងបរិស្ថានពិនិត្យនិងវាយតម្លៃ និងដោយមានការចូលរួមផ្តល់យោបល់លើការងារនេះ ពីរដ្ឋបាលដែនដីខេត្តកំពត មន្ទីរស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ៕