អាជ្ញាធរត្រៀមលក្ខណគ្រប់គ្រាន់ ដល់ភ្ញៀវទេសចរ សម្រាប់ស្នាក់នៅបុណ្យ​សមុទ្រលើក​ទី​៧ ដែលធ្វើនៅខេត្ត​កោះកុង​ឆ្នាំ​នេះ ​​

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖


អាជ្ញាធរខេត្តកោះកុង បានអះអាងថា  សម្រាប់បុណ្យ​សមុទ្រធ្វើនៅខេត្ត​កោះ​កុង​ឆ្នាំ​នេះ អាជ្ញា​ធរ ​បាន​ត្រៀម ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្តល់​សេវា​ស្នាក់​នៅ​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដោយ​បានសហការ​ជាមួយ​ដៃគូ​ឯកជន និង​ប្រជាពលរដ្ឋ រៀបចំបន្ទប់​ចំនួន​១.៨០០​ បោះ​ស្តង់​ប្រហែល​៥០០​ស្តង់ ត្រៀមវត្ត សាលាខេត្តចាស់ ទីលាន​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​មាន​បន្ទប់ទឹក​គ្រប់គ្រាន់ និងបាន​ទំនាក់ទំនង​ជាមួយ​ភាគី​ថៃ​ដើម្បី​ឱ្យ​ភ្ញៀវ​​ឆ្លង​ទៅ​​​​​ស្នាក់​នៅ​បាន​ជាង​១.០០០​បន្ទប់​បន្ថែម​ទៀត គឺអាចឲ្យភ្ញៀវស្នាក់នៅគ្រប់គ្រាន់ ។


លោក ប៊ុ​ន បៀ​វ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង បានឲ្យដឹងថា ខេត្ត​បាន​ត្រៀម​​កន្លែង​ស្នាក់​នៅ​ជូន​ភ្ញៀវ​ចូលរួម​ពិធីបុណ្យ​សមុទ្រ​ចំនួន​១.៨០០​បន្ទប់ ហើយ​បាន​ទំ​នាក់ទំនង​ជាមួយ​ភាគី​ថៃ​ដើម្បី​ឱ្យ​ភ្ញៀវ​របស់​យើង​ឆ្លង​ទៅ​ស្នាក់​នៅ​បាន​ជាង​១.០០០​បន្ទប់​បន្ថែម​ទៀត ។ លោក​បន្តថា ក្រៅពី​នេះ អាជ្ញាធរ បាន​សហការ​ជាមួយ​ ​វត្ត​អារាម រួម​នឹង​ប្រជាពលរដ្ឋ រៀបចំ​​សាលាខេត្ត​ចាស់ ​ទី​លាន​​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​មាន​បន្ទប់ទឹក​គ្រប់គ្រាន់ និង​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឲ្យទៅ​បោះ​ស្តង់​ប្រហែល​៥០០​ស្តង់​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​រៀបចំ​ឱ្យ​មាន​កន្លែង​ស្នាក់​នៅ​ជូន​ភ្ញៀវឲ្យបាន​គ្រប់គ្រាន់ ។
ក្រសួងទេសចរណ៍ បានអះអាងថា ពិធីបុណ្យ​សមុទ្រលើក​ទី​៧ ជុំ​ទី​២  នៅខេត្ត​កោះកុង​ឆ្នាំ​​នេះ ​​ធ្វើ​ឲ្យ​ធំ និង​មាន​ភាព​អធិកអធម​ជាង​មុន​ សម្រាប់​ខេត្តកោះកុង ខណៈ​លើក​ទី​១ បាន​ប្រារព្ធ​ធ្វើ​កាល​ពី​ឆ្នាំ​២០១៤ ​មាន​ភ្ញៀវ​ចូលរួម​ជាង​១០​ម៉ឺន​នាក់ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ ក្រសួង​រំពឹង​ទុក​ថា នឹង​មាន​ភ្ញៀវ​ចូលរួម​ប្រមាណ​ជិត​៣០​ម៉ឺន​នាក់ ។ ម្យ៉ាងទៀត បុណ្យ​សមុទ្រ​ដែល​មាន​រយៈពេល​៣​ថ្ងៃនេះ មានកម្ម​វិធី​ច្រើន​ជាង​មុន ធំ​ជាង​មុន ជាមួយនឹង​ការ​អញ្ជើញ​ក្រុម​សិល្បៈ និង​ក្រុមកីឡា​មក​ពី​ប្រទេស​ជិតខាង ដូច​ជា ថៃ ឡាវ និង​វៀតណាម​ចូលរួម ដើម្បី​ឲ្យ​ពិធីបុណ្យ​នេះកាន់តែ​មាន​ភាព​ទាក់ទាញតែម្តង ។
សូមបញ្ជាក់ថា ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ ធ្វើពិធីបុណ្យ​សមុទ្រ​លើក​ទី​៧​នៅខេត្តកោះកុង មានរយៈ ពេល៣ថ្ងៃ គិតចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ ដែលនឹង​​រៀបចំ​ឲ្យ​កាន់តែ​ធំ​ជាង​មុន និង​រំពឹង​ទទួល​បាន ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលរួម​ទស្សនា​ប្រមាណ​៣០​ម៉ឺន​នាក់ផងដែរ ៕