មន្ទីរសាធារណការរាជធានីភ្នំពេញ ដុសលាងសាប៊ូសម្អាតកម្រាលថ្មក្រានីត​ និងការ៉ូឡាដែលប្រឡាក់ដោយកំណកខ្លាញ់ ក្អែល នៅតាមសួនច្បារក្រោយព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា៖ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

ពេញមួយថ្ងៃទី២៦វិច្ឆិកា២០១៨នេះ មន្ទីរសាធារណការ​និងដឹក​ជញ្ជូន​​​​​​​​រាជធានីភ្នំពេញ បានធ្វើសកម្មភាពដុសលាង​សាប៊ូស​ម្អាត​តាម​កម្រាល​​​ក្រានីត​ និងការ៉ូឡាដែលប្រឡាក់ដោយកំណកខ្លាញ់ ក្អែល នៅ​​តាមសួនច្បារធំៗមួយចំនួន ពិសេសនៅតាម​សួន​ច្បារ​ដែល​បាន​ប្រើប្រាស់នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំ​បុក និងសំពះព្រះខែនេះ ដែលបានប្រារព្វធ្វើឡើងនាប៉ុន្មានថ្ងៃមកនេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ព្រឹកថ្ងៃទី២៦ វិច្ឆិកា​២០១៨នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើ
សកម្មភាពដុសលាងសាប៊ូកម្រាលក្រានីតប្រឡាក់ដោយកំណកខ្លាញ់ ក្អែល នៅសួនច្បារវិមានឯករាជ្យ និងសួនច្បារច័ន្ទឆាយ៉ា ហើយ​នៅពេលរសៀលថ្ងៃដដែរបានបន្តដុសលាងសាប៊ូកម្រាលក្រានីត នៅ​​​សួនច្បារសម្តេច ហ៊ុន សែន និងសួនច្បារបទុមវតី​បន្តទៀត​ផង​ដែរ។

សូមបញ្ជាក់ថា រយះពេល៣ថ្ងៃនៃព្រះ​រាជពិធីបុណ្យអុំទូក​បណ្តែតប្រ​ទីប និងសំពះព្រះខែ អកអំបុក បរិមាណសំរាមប្រមាណ ៨៣២១​តោន​​ដែលត្រូវបានប្រមូលកើបសំអាត​ និងយកទៅចាក់ចោល​ ក្នុង​នោះសំរាប់ថ្ងៃទី១នៃព្រះរាជពិធីបុណ្យមានចំនួន៣០០៣តោន,ថ្ងៃទី២ មានចំនួន២៧១១តោន និងថ្ងៃទី៣ មានចំនួន២៦០៧តោន។

ក្រោយបញ្ចប់ព្រះរាជពិធីនេះរដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំ ធ្វើអនាម័យបរិស្ថាននៅសួនច្បារវត្តបទុមវត្តី ដើម្បីប្រមូល និងរើស​សំរាមតាមសួនច្បារនិងទីតាំងសប្បាយភាពនានាមួយចំនួនផងដែរ ក្នុងន័យចូលរួមអបអរសាទរទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ដែល​​​សកម្មភាពនេះ គឺជាសារបង្ហាញដល់ប្រជាពលរដ្ឋ និងភ្ញៀវ​ទេសចរណ៏ឲ្យដឹងថា សូមកុំបោះសំរាមចោលផ្តេសផ្តាស និងសូម​កាន់សំរាមយកទៅដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ និងត្រូវរួម​គ្នា​ដើម្បីបរិស្ថានស្អាតទីក្រុងរបស់យើងទាំងអស់គ្នា​៕