ម្ចាស់ផ្ទះហ្វីលីពីនសម្រេចបញ្ចូល៦ប្រភេទកីឡាសក្ដានុពលកម្ពុជានៅក្នុងព្រឹត្តិការណ៍កីឡា​ ស៊ីហ្គេម លើកទី៣០ នាឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ — ឆ្លងកាត់កិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់គណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី ៣០ នាឆ្នាំ២០១៩ ដែលប្រទេសហ្វីលីពីននឹងធ្វើម្ចាស់ផ្ទះ កាលពីចុងសប្តាហ៍នេះ ហ្វីលីពីន​បានកំណត់ប្រភេទ កីឡាផ្លូវការសម្រាប់ដាក់ឱ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់​អាស៊ាន រៀងរាល់២ឆ្នាំម្ដងនេះហើយ ដោយមានសរុប៥៦ប្រភេទកីឡា ជាពិសេសម្ចាស់ផ្ទះបាន​សម្រេចបញ្ចូល​កីឡាមានសក្ដានុពលរបស់កម្ពុជា៦ប្រភេទ តាមសំណើរបស់ភាគីកម្ពុជា។

ឯកឧត្តម  វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលចូលរួមក្នុង កិច្ចប្រជុំនេះ បានឱ្យដឹងពីប្រទេសហ្វីលីពីនថា ម្ចាស់ផ្ទះហ្វីលីពីនបានសម្រេចចុងក្រោយ​ជាផ្លូវ ការ សម្រាប់ប្រភេទកីឡាត្រូវដាក់ឱ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៩ហើយ គឺមាន៥៦ប្រភេទ ក្នុងនោះប្រភេទកីឡា ដែល កម្ពុជាស្នើសុំជាប្រភេទកីឡាមានសក្តានុពល របស់ខ្លួន ក៏ត្រូវបានសម្រេចដាក់បញ្ចូលរួចហើយដែរ ដែល៦ប្រភេទកីឡានោះរួមមាន៖ កីឡាតេក្វាន់ដូ ប៉េតង់ វ៉ូវីណាម, ជឺជីតស៊ូ, ស្នូកឃ័រ និងកីឡា​ Soft Tennis។

ឯកឧត្តមបានអះអាងថា ក្រៅពីនេះសម្រាប់ប្រភេទកីឡាបាល់ទាត់ គឺកម្ពុជាបានស្នើសុំ ដាក់យុវជនអាយុ ក្រោម២២ឆ្នាំក៏ត្រូវបានឯកភាពផងដែរ  ដែលអគ្គលេខាធិការបានចាត់ទុក ថា នេះគឺជាជោគជ័យមួយ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០១៩ ហើយក៏ជាសញ្ញា វិជ្ជមាន មួយ ក្នុងការបង្កើនខ្ទង់មេដាយមាសផងដែរ បន្ទាប់ពីកីឡាមានសក្ដានុពលមួយ ចំនួន ត្រូវ បានម្ចាស់ផ្ទះហ្វីលីពីន ព្រមបញ្ចូលតាមសំណើរបស់កម្ពុជា ដែលធ្វើ ឱ្យកម្ពុជាមានក្តីសង្ឃឹម ក្នុងការបង្កើនមេដាយមាសពី២ដងទៅ៣ដង បើធៀបនឹងស៊ីហ្គេមលើកមុនៗ។

ចំពោះវិញាសាប្រកួតតាមប្រភេទកីឡានីមួយៗវិញ ម្ចាស់ផ្ទះគ្រោងនឹងប្រកាសចេញថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយយកមូលដ្នាននៃកិច្ចប្រជុំសម្រេចចុងក្រោយ និងការស្នើសុំពី គណៈកម្មាធិការជាតិអូឡាំពិកទាំងអស់ ក្នុងតំបន់អាស៊ាន ស្របពេលការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ គ្រោងរៀបចំពិធីបើកការប្រកួតផ្លូវការនៅថ្ងៃទី៣០ ខែវិច្ឆិកា និងពិធីបិទផ្លូវការ នៅថ្ងៃទី១១ ខែធ្នូឆ្នាំ២០១៩ខាងមុខ។

ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ចុងក្រោយថា ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម ថោង ខុន ប្រធានគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម លើកទី ៣១ នាឆ្នាំ២០២១ នៅវៀតណាម គឺជាយុទ្ធសាស្រ្ដក្នុងការវាយតម្លៃគុណផលកីឡាគ្រប់ប្រភេទរបស់ខ្លួន ដើម្បី ឈានឆ្ពោះទៅរក ភាពជោគជ័យ នាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅលើទឹកដីកម្ពុជាទៀតផង៕

ដោយ ហេង ណាលីន