សៀវភៅ ស្តីពីកំណត់ហេតុ នៃដំណើរជីវិតតស៊ូរបស់សម្តេច ហេង សំរិន ត្រូវបានសម្ពោធ និងផ្សព្វផ្សាយជាផ្លូវការ

 AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ — សៀវភៅកំណត់ហេតុនៃការតស៊ូក្នុងបុព្វហេតុជាតិ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលមានឈ្មោះថា «ការតស៊ូរបស់ប្រជាជនៈ កម្ពុជារស់ឡើងវិញ» ដែលជាសៀវ ភៅកំណត់ហេតុបែបប្រវត្តិសាស្ត្រ ត្រូវបានសម្ពោធ និងផ្សព្វផ្សាយជាផ្លូវការនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា  ដោយមានការចូលរួមពីសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរដ្ឋាភិបាល មន្ត្រីអគ្គលេខាធិការរដ្ឋសភា ព្រឹទ្ធសភា ព្រមទាំងនិស្សិត បណ្ណារក្សនៃគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនប្រមាណជាង ១០០នាក់។

សៀវភៅនេះ ត្រូវបានបោះពុម្ពជាភាសាអង់គ្លេសរៀបរាប់អំពីដំណើរជីវិតនៃការតស៊ូ របស់សម្តេច ហេង សំរិន នៅក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតស្ដារ និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ ក្រោយភ្លើងសង្គ្រាមបានរលត់ទៅ។

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែល ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងពិធី សម្ពោធសៀវភៅខាងលើនេះមានប្រសាសន៍ថា សៀវភៅនិយាយពីដំណើរតស៊ូដើម្បីបុព្វ ហេតុជាតិ និងប្រជាជនរបស់សម្តេចពញាចក្រី ហេង សំរិន គឺបានបង្ហាញពីការពិតនៃសង្គ្រាម នៅកម្ពុជាដល់អ្នកអាន និងកូនខ្មែរជំនាន់ក្រោយដែលចង់សិក្សាឈ្វេងយល់ពីប្រវត្តិសាស្ត្រ ខ្មែរជាប្រវត្តិនៃការតស៊ូរំដោះប្រទេសជាតិរបស់ឥស្សរជនស្នេហាជាតិ និងដំណើរស្តារកម្ពុជា ឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ ដែលបានដួលរលំទៅកាលពី៤០ឆ្នាំកន្លងទៅនេះ។

ក្នុងឱកាសនោះ លោកជំទាវ មាន សំអាន សមាជិកាព្រឹទ្ធសភា ដែលជាអ្នកបាន ចូលរួមក្នុងចលនារំដោះប្រទេសជាតិមួយរូបបានរៀបរាប់ទាំងទឹកភ្នែកអំពីប្រវត្តិ នៃការតស៊ូ របស់ប្រជាជនកម្ពុជា និងឥស្សរជននៅក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយលំបាកលំបិនស្ទើររកទីបំផុតគ្មាន ដែលកូនខ្មែរគ្រប់រូបត្រូវតែចងចាំ និងរួមគ្នាទប់ស្កាត់ កុំឱ្យរបបដ៏សាហាវយង់ឃ្នងបែបនេះវិលត្រឡប់មកជាថ្មីម្តងទៀត។

លោកជំទាវបានកោត សរសើរជាពន់ពេកចំពោះវីរភាពរបស់សម្តេចទាំងបី គឺសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ក្នុងការដឹកនាំចលនាតស៊ូរំដោះ ប្រទេសជាតិ រហូតសម្រេចបានជោគជ័យយ៉ាងធំធេងនាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។សូមបញ្ជាក់ថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រសូត្រក្នុងគ្រួសារកសិករ នៅទីជនបទមួយក្នុងខេត្តកំពង់ចាម ក្នុងឆ្នាំ១៩៣៤ សម្តេចគឺជាស្ថាបនិកចលនាមហា ជនដ៏ធំមួយឈ្មោះថា “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ដែលក្រោយមកបានប្តូរឈ្មោះជា “រណសិរ្សអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ដែលបានបង្កើតឡើងនៅក្នុងសមាជមួយនៅខេត្តក្រចេះ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។ ផ្តើមចេញពីខេត្តក្រចេះនេះហើយដែលសម្តេច ហេង សំរិន បានប្រកាសផែនការ១១ចំណុច ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ដោយធ្វើ ឱ្យសម្រេចបាននាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការសហការជាមួយកងទ័ពស្ម័គ្រ ចិត្តវៀតណាម៕

ដោយ ប៉ាល់ សុង