ខេត្តកំពង់ឆ្នាំងប្រារព្ធមិទ្ទីងខួបអនុស្សាវរីយ៍លើកទី៤០ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ.១៩៧៨-២ធ្នូ.២០១៨)

AKP កំពង់ឆ្នាំង ថៃ្ងទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨អាជ្ញាធរខេត្តកំពង់ឆ្នាំង បានប្រារព្ធមិទ្ទីងអបអរសាទររម្លឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ.១៨៧៨.២ធ្នូ.២០១៨ ប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃអាទិត្យ ៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានគណៈ   កម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ ខេត្តកំពង់ឆ្នាំង និងជាអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការនិមន្ត ចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ ជាសមាជិករណសិរ្សខេត្ត មន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ កាយឫទ្ធិ និសិត្ស បញ្ញាវ្តសាសនិកអ៊ិស្លាម និងប្រជាពលរដ្ឋចំនួន ៨១៧ នាក់ផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ថ្លែងសុន្ទរកថាដោយបានគូសបញ្ជាក់ថា រណសិរ្ស ២ធ្នូ គឺជាប្រវត្តិសាស្រ្តចារឹកជាប់ក្នុងបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់រូប មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗដូចថ្ងៃនេះ។ ថ្ងៃ២ធ្នូជាថ្ងៃបង្កើតកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះទឹកដីនិងរំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត។ យើងទាំងអស់គ្នាបានចាត់ទុកថ្ងៃ២ធ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញ របស់មាតុភូមិ និងប្រជាជនកម្ពុជា។ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងគ្នាឱ្យរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុលពតប៉ុណ្តោះទេ តែរណសិរ្ស២ធ្នូនៅបានជួយស្តារ កសាង និង អភិវឌ្ឍន៍មាតុភូមិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេស។

រណសិរ្សសាមគ្គីសង្គ្រោះជាតិ២ធ្នូ១៩៧៨ បច្ចុប្បន្នត្រូវបានដូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បដិសន្ធិឡើងនៅក្នុងតំបន់រំដោះក្នុង ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីរួមជាមួយប្រជាជនផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរហូតទទួលជ័យជម្នះនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ទទួលបានមកវិញនូវសិទ្ធិសេរីភាព និងមានឱកាសស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរបស់មាតុភូមិកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូនិងជ័យជម្នះថ្ងៃ៧មករានោះទេ យើងក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ នេះគឺជាសច្ចៈធម៌នៃប្រវត្តិសាស្ត្រ។

ឯកឧត្តមបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ទទួលបានជោគជ័យ បានបង្រួបបង្រួមជាតិខ្មែរតែមួយឡើងវិញ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានសណ្តាប់ធ្នាប់ក្នុងសង្គមបានល្អប្រសើរ ធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យគួរឱ្យមោទនៈ។ ភាពអំណោយផលខាងនយោបាយនេះបានរក្សានូវស្ថិរភាពកំណើនសេដ្ឋកិច្ចភាគរយ ដែលទ្រទ្រង់ដល់ការរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមនេះដែរ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លុបបំបាត់នូវស្នាមបែកបាក់នៅក្នុងសង្គមជាតិធ្វើឱ្យធ្លុងមហាសាមគ្គីជាតិកាន់តែរឹងមាំឡើង ដើម្បីរួមគ្នាដឹកនាំនិ ងកសាងប្រទេសឱ្យបានរីកចម្រើនថែមទៀត។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានបន្តទៀតថា ដើម្បីជាសក្ខីភាពនៃការដឹងគុណចំពោះបុព្វការីជន និងរណសិសរ្សអភវឌ្ឍន៍មាតុភូមិកម្ពុជាតំណាងឱ្យសមាជិកសមាជិកាអង្គមិទ្ទីងទាំងមូលបានប្តេជ្ញាថា លើកកម្ពស់ស្មារតីថែរក្សាសាមគ្គីភាពផ្ទៃក្នុងប្រកាន់ភ្ជាប់ប្រពៃណីស្នេហាជាតិផ្សាភ្ជាប់ជាមួយប្រជាជនបម្រើប្រជាជនឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីអនុវត្តន៍ឱ្យបានជោគជ័យនូវទិសដៅរបស់ថ្នាក់លើ រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង ។ រួមសាមគ្គីគ្នាដើម្បីពន្យល់ដល់យុវជនជំនាន់ក្រោយឱ្យយល់ និងចងចាំជានិច្ចនូវគុណបំណាច់ថៃ្ង២ធ្នូ និង ថៃ្ងជ័យជម្នះ៧មករា ដែលជាកំណើតទី២របស់យើងទាំងអស់គ្នា បានឃើញពន្លីថៃ្ងដូចពេលនេះ។ ឯកឧត្តមក៏បានធ្វើការប្តេជ្ញា គាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីគ្រប់ៗអាណត្តិ និង ចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីអនុវត្តន៍ឱ្យបានជោគជ័យនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ កត្តាសំខាន់គឺកាត់បន្ថយឱ្យបានភាពក្រីក្ររបស់ប្រជាពលរដ្ឋនិងបង្កើនសេដ្ឋកិច្ចជូនប្រជាពលរដ្ឋយើងឱ្យកាន់តែប្រសើឡើង៕

ដោយ បៃ ស៊ីថុន