ប្រធានព្រឹទ្ធសភាវាយតម្លៃខ្ពស់ចំពោះ ស.ស.យ.កដែលចូលរួមជាមួយរាជដ្ឋាភិបាលអភិវឌ្ឍន៍ជាតិ

វិទ្យុជាតិកម្ពុជា ៖ អត្ថបទដោយលោក  អ៊ឹម ភិរក្សនារីរតនៈ  សម្រួលដោយ លោកហោ  សេង គ្រី

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍សង្គមជាតិជាង៤០ឆ្នាំកន្លងមកនេះឲ្យកាន់តែរីកចំរើនលើគ្រប់វិស័យ។

ក្នុងពិធីបើកមហាសន្និបាត សហភាពសហព័ន្ធយុវជនកម្ពុជាលើកទី៤ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ នៅសណ្ឋាគាសុខាភ្នំពេញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា សហភាពសហព័ន្ធយុវជនកម្ពុជាបានដើរតួនាទីសំខាន់លើការងារអប់រំ បរិស្ថាន ថែរក្សាវប្បធម៌ជាតិ និងសកម្មភាពមនុស្សធម៌តាមរយៈការបង្កើតឲ្យមានព្រឹត្តិកាណ៍ផ្សេងៗ ៖ « ក្នុងដំណាក់កាល៥ឆ្នាំទៅមុខកំលាំងនិងចំនួនយុវជនក្នុងស្រទាប់មហាជនកាន់តែមានចំនួនកើតឡើងស្របពេលនិងមានការវិវឌ្ឍនផ្នែកបច្ចេកវិទ្យា សង្គម សេដ្ឋកិច្ច។ ទន្ទឹមគ្នានេះដែរមហាសន្និបាតរយះពេល២ថ្ងៃក៍ជាឪកាសក្នុងការអបអរសាទរនៅសមិទ្ឋផលសំរេចបានការបូកសរុបការងារ ការពិនិត្យវាយតម្លៃក៍ដូចជាកំណត់ទិសដៅការងារខាងមុខឲ្យកាន់តែមានប្រសិទ្ឋភាពនិងជំរុញសហភាពសហព័ន្ឋយុវជនកម្ពុជាចូលរួមចំណែកកាន់តែបានទូលំទូលាយ »។

ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាហៅកាត់ថា ស.ស.យ.ក មានប្រសាសន៍ថា មហាសន្និបាតលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជានេះ ធ្វើឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ដើម្បីបូកសរុបការងារឆ្នាំ២០១២-២០១៨ និងទិសដៅការងារឆ្នាំ២០១៨-២០២០ ព្រមទាំងការបោះឆ្នោតជ្រើសតាំងសមាជិក ជាមួយកិច្ចពិភាក្សា និងការអនុម័តលើការកែប្រែលក្ខន្តិកៈនៃសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធីបិទ មហាសន្និបាតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕